ភ្នំពេញ ៖ របាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី៧ខែធ្នូឆ្នាំ២០២២នេះនិយាយថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងងើបឡើងវិញបានល្អបន្ទាប់ពីការផ្ទុះជំងឺកូវីដ-១៩ ប៉ុន្តែកត្តាអវិជ្ជមាននានាដែលកំពុងកើតឡើងលើសកលលោក អាចបង្កហានិភ័យដល់ទស្សនវិស័យវិជ្ជមានសម្រាប់កំណើនក្នុងរយៈពេលប៉ុន្មាននៅពេលខាងមុខ។
នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោកបានសរសេរថាបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ខែធ្នូ ឆ្នាំ២០២២ ព្យាករថា កម្ពុជាមានកំណើនសេដ្ឋកិច្ច ៤,៨ភាគរយនៅក្នុងឆ្នាំ២០២២ ក្នុងនោះការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយសម័យមានជំងឺរាតត្បាតមានសន្ទុះកើនឡើង មួយផ្នែកដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។
ឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំណើរ និងការនាំចេញស្បែកជើងរបស់កម្ពុជានៅរក្សាបានភាពស្វិតស្វាញរបស់ខ្លួន។ វិស័យសេវាកម្ម ជាពិសេសផ្នែកធ្វើដំណើរនិងទេសចរណ៍ មានដំណើរការបានល្អក្រោយពេលរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ-១៩” នាចុងឆ្នាំ២០២១ ហើយចំនួនសរុបនៃការមកដល់របស់ភ្ញៀវអន្តរជាតិបានកើនឡើងជាលំដាប់ រហូតដល់ទៅ ១,២លាននាក់ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២២។ ទំនុកចិត្តរបស់ធុរកិច្ចនិងអ្នកប្រើប្រាស់បានកើនឡើង អមដោយការកើនឡើងនៃការវិនិយោគក្នុងប្រទេស និងពីក្រៅប្រទេសផងដែរ។
កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថានឹងកើន ៥,២ ភាគរយ នៅឆ្នាំ២០២៣ ព្រោះថាកំណើននៃការជួលមនុស្សធ្វើការនឹងកាន់តែជួយដល់ការកើនឡើងនៃការទទួលទានប្រើប្រាស់ក្នុងស្រុក អមដោយការធ្លាក់ចុះនៃអតិផរណា។
ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យសម្រាប់មានកំណើនលឿនជាងនេះ នៅប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរ ដោយសារតែការវិវត្តសភាពការណ៍នៅក្រៅព្រំដែនរបស់កម្ពុជា។
កម្ពុជាមានសេដ្ឋកិច្ចទំហំតូចដែលបើកចំហចំពោះការធ្វើពាណិជ្ជកម្មនៅខាងក្រៅ និងការវិនិយោគពីបរទេស ហើយទស្សនវិស័យកំណើនពិភពលោកនៅមានសភាពអាប់អួរ។ កំណើនពាណិជ្ជកម្មសកលបានថយចុះនៅឆមាសទីពីរនៃឆ្នាំ២០២២ ហើយត្រូវបានព្យាករថានឹងថយចុះយ៉ាងខ្លាំងនៅឆ្នាំ២០២៣។ សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជាងាយរងគ្រោះណាស់ ជាពិសេសនៅពេលអតិផរណាកើន, ពិភពលោកមានកំណើនសេដ្ឋកិច្ចយឺត, ការផ្គត់ផ្គង់ថាមពលធ្លាក់ចុះ និងអត្រាការប្រាក់ឡើងកាន់តែខ្ពស់។
វិស័យផលិតកម្មរបស់កម្ពុជាពឹងផ្អែកលើទីផ្សារនាំចេញដើម្បីរីកចម្រើន ហើយវានឹងរងផលប៉ះពាល់ជាអវិជ្ជមានខ្លាំង កាលណាកំណើនយឺតៗកាន់តែអូសបន្លាយពេលនៅក្នុងទីផ្សារនាំចេញដ៏ធំបំផុតពីររបស់ខ្លួន គឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ដូចគ្នានេះដែរ ការវិនិយោគនិងលំហូរមូលធនទំនងជានឹងថយចុះ ដោយសារការធ្លាក់ចុះបន្តិចម្តងៗនូវទុនពីប្រទេសចិន ដែលជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសធំបំផុតរបស់កម្ពុជាមកទល់ពេលនេះ។
លោកស្រី ម៉ារៀម ស័រមែន នាយិកាធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ មានប្រសាសន៍ថា ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួនពីផលប៉ះទង្គិចពីការធ្លាក់ចុះនៃតម្រូវការនៅក្រៅប្រទេស កម្ពុជាគួរចាត់វិធានការដើម្បីពង្រឹងជំហរសារពើពន្ធរបស់ខ្លួន និងលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសឧស្សាហកម្មទេសចរណ៍ដ៏ទាក់ទាញរបស់ខ្លួនសម្រាប់ពិភពលោក។
លោកស្រី ស័រមែន ថ្លែងបន្តថា៖ «ប្រាក់ចំណូលបានកើនឡើង ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងភាពប្រសើរឡើងនៃផ្នែករដ្ឋបាល។ ការពង្រីកមូលដ្ឋានពន្ធនឹងជួយធានាបាននូវធនធានចាំបាច់សម្រាប់លើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងសម្រាប់ទប់ទល់សភាពការណ៍នៅពេលមានការធ្លាក់ចុះសេដ្ឋកិច្ចក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗ។ វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច គឺជាផ្នែកដ៏មានសក្ដានុពលសម្រាប់កំណើនទៅថ្ងៃមុខ។»
ឆ្ពោះទៅអនាគតវែងឆ្ងាយ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងបន្តឈានទៅដល់អត្រាកំណើនប្រហែល ៦ភាគរយ នៅពេលដែលទេសចរណ៍អន្តរជាតិ និងក្នុងស្រុកបង្កើនអនុភាពកាន់តែរឹងមាំ។ ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ ក៏អាចជំរុញវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃកសិផល ឱ្យកាន់តែមានសន្ទុះឡើងទៀតដែរ។
ផ្នែកផ្តោតពិសេសនៃរបាយការណ៍នេះ បានពិនិត្យមើលផលប៉ះពាល់នៃអតិផរណាទៅលើភាពក្រីក្រ។ ផ្នែកនេះរំលេចពីតម្រូវការដើម្បីការពារជនងាយរងគ្រោះបំផុត ជាមួយគ្នានឹងការពង្រីកកម្មវិធីគាំពារសង្គមបណ្តោះអាសន្នដែលបានកំណត់គោលដៅយ៉ាងប្រុងប្រយ័ត្ន។
របាយការណ៍បច្ចុប្បនភាពសេដ្ឋកិច្ចកម្ពុជា ផ្តោតសំខាន់លើការវិវត្តនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចក្នុងរយៈពេលខ្លី និងមធ្យម ហើយចេញផ្សាយពីរដងក្នុងមួយឆ្នាំ៕
ដោយ៖ សូរិយា