ព័ត៌មានទាន់ហេតុការណ៍៖

សាខាកាកបាទក្រហមកម្ពុជាខេត្ត បានរៀបចំប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំ ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ ២០២៣

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ លោកស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ ។ ដោយក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា-អនុសាខាក្រុង/ស្រុក ផងដែរ។

បើតាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខា ក្រុង-ស្រុក បានចុះសួរសុខទុក្ខ និងចែកជំនួយសង្គ្រោះជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅតាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត ចំនួន.៣៥១ គ្រួសារ និង សាខាកាកបាទក្រហមខេត្តបានផ្តល់អំណោយមនុស្សធម៌ចំពោះជនទីទ័លក្រ  ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកុមារកំព្រា សរុប ចំនួន ១១៦៧ គ្រួសារ នឹង ចំពោះកិច្ចការងារលើកកម្ពស់សុខភាព មាតា ទារក និង កុមារ សរុប ចំនួន ៤០ គ្រួសារ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានលើកឡើងថា: សាខាកាកបាទក្រហមកម្ពុជាខេត្ត បានអនុវត្តសកម្មភាពការងារវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា ក្នុងនោះរួមមាន៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពក្នុងសហគមន័ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន។

ក្នុងនោះលោកប្រធានគណៈកម្មាធិការសាខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតី និងការទទួលខុស-ត្រូវ ក្រោមការដឹកនាំរបស់គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង កន្លងមកសម្រេចបាននូវជោគជ័យ។

លោកស្វាយ សំអ៊ាង ក៏បានបញ្ជាក់បន្ថែមទៀតថា: សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ត្រូវខិតខំស្វែងរកជនរងគ្រោះដែលត្រូវការជំនួយចាំបាច់ពីសាខា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ដែលកំពុងត្រូវការជំនួយ ក្នុងភូមិសាស្ត្ររបស់ខ្លួន ខ្វះការជួយ ឬយកចិត្តទុកដាក់ពីសាខា ឬអនុសាខាក្រុង-ស្រុកទាំង០៦ នៅក្នុងខេត្តស្ទឹងត្រែងឡើយ។

លោកបានថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តាមមូលដ្ឋាន នានា ក្នុងខេត្តស្ទឹងត្រែង ដែលតែងតែជួយឧបត្ថម្ភគាំទ្រ មានកិច្ចសហការល្អ និងសម្រួលដល់ប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង។

លោកប្រធានគណៈកម្មាធិការសាខា ក៏បានលើកយកនូវគន្លឹះសំខាន់ៗ ជំរុញនិងពង្រឹងពង្រីកភាពម្ចាស់ការរបស់សាខារួមមាន រចនាសម្ព័ន្ធ តួនាទី ភារកិច្ច របបប្រជុំរបស់គណៈកម្មាធិការសាខា-អនុសាខា និងកិច្ចការងារដែលក្រុមប្រតិបត្តិសាខាត្រូវធ្វើ ៕

ដោយ៖ មាស សុផាត


ចែករំលែក៖