ខេត្តព្រះសីហនុ ៖ បច្ចុប្បន្ននៅស្រុកស្ទឹងហាវខេត្តព្រះសីហនុ មានកសិដ្ឋានចិញ្ចឹមក្តាមថ្មយកពង និងយកសាច់មួយកន្លែងដែលមានគុណភាពខ្ពស់តាមបែបលក្ខណៈទំនើប។
លោក ប៊ុន លីឡាយ អ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមក្តាមបានឲ្យដឹងថាការចិញ្ចឹមក្តាមមានលក្ខណៈទំនើបដូចនេះ គឺក្តាមមានទិន្នផលខ្ពស់ មានគុណភាពនិងអនាម័យ កន្លែងចិញ្ចឹមគឺប្លែកពីគេដោយក្តាមនីមួយៗត្រូវដាក់ក្នុងប្រអប់ដាច់ដោយឡែកពីគ្នាដែលប្រៀបបានដូចទៅនឹងក្តាមរស់នៅក្នុងខុនដូខុ សពីក្តាមដែលចិញ្ចឹមនៅតាមស្រះផ្សេងៗ។ ចំពោះក្តាមដែលយកមកចិញ្ចឹមគឺជាក្តាមធំនៅក្នុងស្រុកប្រមូលទិញពីប្រជាពលរដ្ឋនេសាទបានយកមកដាក់នៅក្នុងកន្លែងចិញ្ចឹមបំប៉នចំណីឲ្យបានធំធាត់និងគ្រប់គ្រាន់ក្នុងមួយថ្ងៃពីរដងមុននឹងលក់ចេញទៅលើទីផ្សារ។
លោកបានបន្ថែមថាកន្លែងសម្រាប់ដាក់ក្តាមមានជាង ៦ ពាន់ក្តាមដោយក្នុងមួយប្រឡោះដាក់ក្តាមបាន១ក្បាលហើយចំពោះទឹកគឺមិនបង្ហូរបញ្ចេញមកក្រៅធ្វើឲ្យប៉ះ ពាល់បរិស្ថាននោះឡើយ។
ចំពោះទីផ្សារនាពេលបច្ចុប្បន្នគឺដំណើរការល្អក្រោយពីរាជរដ្ឋាភិបាលបើកដំណើរការទទួលភ្ញៀវទេសចរណ៍ឡើងវិញ ជាពិសេសនៅក្រោយពីផ្លូវល្បឿនលឿនបានដំណើរការភ្ញៀវទេសចរណ៍មកលេងច្រើនហើយទីផ្សារក្តាមក៏មានភាពងាយស្រួលក្នុងការលក់ដូរនៅលើទីផ្សារជាពិសេសនៅតាមភោជនីយដ្ឋាន អាហារដ្ឋាននានាក្នុងក្រុងនៃខេត្តព្រះសីហនុ។ ដោយឡែក ក្តាមដែលត្រូវលក់ចេញចាប់ពី ៣ក្បាលក្នុង១ គីឡូរហូតដល់ ៦ក្បាលក្នុង១ គីឡូទៅតាមតម្រូវការទីផ្សារដែលភ្ញៀវក៏ ដូចជាហាងនីមួយៗត្រូវការចំពោះតម្លៃគឺមិនទៀងអាស្រ័យទៅលើតម្លៃប្រេងដែលប្រជានេសាទចេញទៅនេសាទ។
ក្តាមដែលចិញ្ចឹមក្នុងកន្លែងរបស់លោកគឺមានគុណភាពនិងអនាម័យហើយក្តាមទាំងនោះបើអតិថិជនត្រូវការក្តាមពងគឺបានក្តាមពងបើចង់បានក្តាមសាច់គឺបានបានក្តាមសាច់ព្រោះមានអ្នកបច្ចេកទេសមើលថែនិងញែកដាច់ដោយឡែកពីគ្នាច្បាស់លាស់។
លោក ប៊ុន លីឡាយ បន្ថែមថា ការចិញ្ចឹមក្តាមតាមបែបទំនើបដូចនេះគឺចំណាយថវិកាច្រើនព្រោះសម្ភារៈនិងបច្ចេកទេសនាំចូលពីក្រៅប្រទេស។ ជាមួយគ្នានេះដែរលោកក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរជាពិសេសដល់មន្ត្រីជំនាញរដ្ឋបាលជលផលដែលបានលើកទឹក ចិត្តជំរុញដល់ការចិញ្ចឹមតាមបែបវារីវប្បកម្មដើម្បីបង្កើនផ្គត់ផ្គង់ផលសមុទ្រនៅលើទីផ្សារ និងផ្ដល់បច្ចេកទេសបន្ថែមដើម្បីឲ្យការចិញ្ចឹមរបស់លោកទទួលបានជោគ ជ័យមកដល់ពេលនេះ៕
ដោយ៖ សូរិយា