ភ្នំពេញ ៖ តាមការអំពាវនាវរបស់ លោករដ្ឋមន្ដ្រី ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមប្រកាសស្វាគមន៍ នឹងលើកទឹកចិត្តដល់ក្រុមហ៊ុននានាដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្មប្រកបដោយគុណភាពត្រឹមត្រូវ និងមានតម្លៃសមរម្យ ដើម្បីដាក់លក់លើទីផ្សារកម្ពុជា ឱ្យមកដាក់ពាក្យស្នើសុំនៅក្រសួងដើម្បីវាយតម្លៃ។
នៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ដើម្បីបន្តអនុវត្ត និងជំរុញគោលនយោបាយកាត់បន្ថយថ្លៃដើមនៃការផលិត និងបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ ក្រសួង បន្តស្វាគមន៍ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុននានាដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្មប្រកប ដោយគុណភាពត្រឹមត្រូវតាមស្តង់ដារ និងមានតម្លៃសមរម្យមកចែកចាយក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យមក ដាក់ពាក្យស្នើសុំនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រសួងនឹងសិក្សាវាយតម្លៃ ស្របតាមនីតិវិធីនៃច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និង ចេញលិខិតអនុញ្ញាតជូនក្នុងរយៈពេលឆាប់បំផុត ក្រោយធានាបានថា ជីកសិកម្មដែលស្នើសុំផលិត ឬនាំចូល មានគុណភាពត្រឹមត្រូវតាមស្ដង់ដារពិតប្រាកដមែន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាងមុតមាំថា នឹងមានក្រុមហ៊ុនជាច្រើនចូលរួម គាំទ្រអនុវត្តការងារនេះ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាកសិករ ៕
ដោយ : សិលា