ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែហាងម៉ាស្សាម្នាក់និងនារីរងគ្រោះចំនួន៨នាក់ជាប់ពាក់ព័ន្ធករណីបង្កប់សេវាផ្លូវភេទ ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖  បុរសម្នាក់ជាថៅកែហាងនិងជាអ្នកមើលការខុសត្រូវនៅទីតាំងម៉ាស្សាកោសជប់ បង្កប់ការរួមភេទចំនួន២ទីតាំងផ្សេងគ្នា ត្រូវបាននគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញធ្វើការឃាត់ខ្លួន។

    កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាប ជាក់ស្តែងករណីប្រព្រឹត្តអំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បម្រើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួនបុរសជាថៅកែហាងម្នាក់ និងនារីរងគ្រោះចំនួន០៨នាក់ ក្នុងនោះមានអនីតិជនចំនួន០២នាក់ និងវត្ថុតាងស្រោមអនាម័យប្រើប្រាស់រួចមួយចំនួននិងមិនទាន់ប្រើប្រាស់មួយចំនួន។

    ថៅកែហាងមានឈ្មោះ ប៉ក ឧត្តម ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៣  ផ្លូវបេតុង ក្នុងបុរីពិភពថ្មី សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

    លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ហាក់ លី នាយការិយាល័យ បានធ្វើការឃាត់ខ្លួនបុរសថៅកែហាងម្នាក់ និងនារីរងគ្រោះ ក្មេងៗចំនួន០៨នាក់ នៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី០៧ ខែធ្នូ  ឆ្នាំ២០២២ នៅហាងម៉ាស្សាចំនួន២ទីតាំង គឺទី១នៅចំណុចហាងយីហោ«កុលាបក្រហម១៦៨» ស្ថិតនៅផ្ទះលេខ៣៣ ផ្លូវបេតុង និងទី២ ទីតាំងហាងគ្មានយីហោ ផ្ទះលេខ២៨១ ផ្លូវបេតុងទី១ ស្ថិតក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសជាអ្នកគ្រប់គ្រងហាងទាំង២ទីតាំង ក្នុងនោះមានហាងម៉ាស្សាយីហោ«កុលាបក្រហម ១៦៨» មាននារីម៉ាស្សានិង រួមភេទចំនួន២នាក់  និងទីតាំងមួយទៀតផ្ទះលេខ២៨១ គ្មានយីហោ  មានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សានិងរួមភេទចំនួន ០៦នាក់ ក្នុងនោះមានអនីតិជន០២នាក់និងមានបន្ទប់សម្រាប់រួមភេទចំនួន ០៣បន្ទប់ តម្លៃម៉ាស្សាធម្មតា ២០.០០០រៀលក្នុងមួយម៉ោង និងតម្លៃនៃការរួមភេទក្នុងមួយដងចាប់ពី ២០$ ទៅ ២៥$ ហើយលុយដែលបានមកពីការ រួមភេទ គឺថៅកែហាងចែកស្មើគ្នាជាមួយស្រីៗម៉ាស្សាទាំងនោះ ។ ប្រភពដដែលបានឱ្យដឹងទៀតថា ហាងម៉ាស្សានេះបើក ដំណើរការរកស៊ីទទួលភ្ញៀវចាប់ពីម៉ោង ០៩ព្រឹក រហូតដល់រំលងអធ្រាត្រទើបបិទទ្វារ រីឯនារីដែលជាអនីតិជនចំនួន ០២នាក់ គឺចូលមកបម្រើការងារចាប់ពីម៉ោង០៨យប់ រហូតដល់ម៉ោង១០យប់ ។

   ក្រោយប្រតិបត្តិការកម្លាំងជំនាញបាននាំខ្លួនបុរសថៅកែហាងម៉ាស្សាទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង០៨នាក់ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាចធានីភ្នំពេញធ្វើការអប់រំ៕

IMG_7045 IMG_7033

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖