ភ្នំពេញ៖ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកមិញនេះបានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំធ្វើបច្ចុប្បន្នភាពយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ឆ្នាំ២០១៩-២០២៣ និងតាមដានការអនុវត្ត ការវាយតម្លៃ និងត្រួតពិនិត្យពាក់កណ្តាលអណត្តិ (Mid-Term Evaluation) ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងស្ថាប័នពាក់ព័ន្ធប្រមាណជា ៥០ នាក់។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅព្រលប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។
កិច្ចប្រជុំគណៈកម្មការនេះមានគោលបំណងដើម្បីរាយការណ៍ និងពិនិត្យមើលវឌ្ឍនៈភាពការងាររបស់គណៈកម្មការនេះ ដែលមាននៅក្នុងយុទ្ធសាស្រ្ត CTIS ឆ្នាំ២០១៩-២០២៣។ លទ្ធផលនៃកិច្ចប្រជុំនេះ គឺបានពិនិត្យ និងផ្តល់ធាតុចូលយ៉ាងសំខាន់ៗទៅលើវឌ្ឍនៈភាពការងាររបស់អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ក្រោយពីបានទទួលការផ្តល់ធាតុចូល ក្រសួងពាណិជ្ជកម្មនឹងរៀបចំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ននេះម្តងទៀត ដើម្បីអនុម័តទៅលើម៉ាទ្រីសកម្មភាពជាចុងក្រោយ និងបោះពុម្ពផ្សាយជាសធារណៈអំពីលទ្ធផលនៃយុទ្ធសាស្រ្តនេះ។
ជាកិច្ចបញ្ចប់ លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មកន្លងមកចាំតាំងពីការរៀបចំយុទ្ធសាស្រ្តនេះរហូតដល់ការវាយតម្លៃ និងត្រួតពិនិត្យពាក់កណ្តាលអណត្តិ (Mid-Term Evaluation) ដោយបានផ្តល់ជាធាតុចូល និងការធ្វើបច្ចុប្បន្នភាពពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ។
ជាចុងក្រោយ លោកស្រីរដ្ឋលេខាធិការ បានលើកពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការបន្តសហប្រតិបត្តិការ និងបានស្នើសុំឱ្យជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បន្តចូលរួមក្នុងការសហការអនុវត្តម៉ាទ្រីសកម្មភាព ដែលមានចែងនៅក្នុងយុទ្ធសាស្រ្តនេះ៕
ដោយ៖សហការី