ប្រទេសវៀតណាម ៖ ឆ្លើយតបតាមការអញ្ជើញរបស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិចូលរួមក្នុងពិធីតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ២០២២ ដែលបានប្រារព្ធធ្វើរដ្ឋធានី ហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី ៨ ដល់ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២២ ។
ពិធីតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ២០២២ ក៏មានការអញ្ជើញចូលរួមពីបណ្តាគណៈប្រតិភូក្រសួងការពារជាតិ និង គណៈប្រតិភូយោធាបរទេស កងទ័ពជើងគោក ជើងទឹក ជើងអាកាស មកពីប្រទេសនានានៅក្នុងតំបន់អាស៊ាន អឺរ៉ុប និង អាហ្វ្រិក ។ការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ២០២២ បានដាក់តាំងបង្ហាញជូនភ្ញៀវទស្សនា អំពីឧស្សាហកម្មយោធា ដែលប្រទេសវៀតណាមផលិតបានដូចជា ៖ អាវុធ សម្ភារៈអេឡិចត្រូនិក វិស័យទូរគមនាគមន៍ និង សម្ភារៈយោធា យោធបរិក្ខារផ្សេងៗរបស់កងទ័ពជាច្រើនទៀត ។
តាមរយៈនៃការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ២០២២ ក៏បានផ្តល់ឱកាសដល់ ប្រមុខការពារជាតិ និងកងទ័ព នៃបណ្តាប្រទេសនានា បានជួបពិក្សាគ្នាទាក់ទងទៅនឹងការពង្រឹងវិស័យការពារជាតិ សន្តិសុខ និងកិច្ចសហប្រតិ្តការគ្នា ដើម្បីរួមគ្នាការពារសន្តិភាព និង ស្ថិរភាពនៅក្នុងតំបន់ និង ពិភពលោកទាំងមូល ។ ទន្ទឹមនេះការតាំងពិព័រណ៍នេះក៏បាននាំមកនូវការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកនូវចំណេះដឹង ដែលទាក់ទងទៅនឹងបច្ចេកវិទ្យាថ្មីៗ ដែលកំពុងមានការវិវត្តរីកចម្រើនក្នុងពេលបច្ចុប្បន្ននេះផងដែរ៕
ដោយ៖សហការី