ភ្នំពេញ ៖ ឃាតកជាប្ដីដែលបានធ្វើសកម្មភាពខ្ទប់មាត់និងច្រមុះប្រពន្ធថប់ដង្ហើមរហូតដល់ស្លាប់ក្នុងបន្ទប់ជួលរួចចាក់សោរគេចខ្លួនបាត់ ស្ថិតនៅភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅថ្មីៗ ឥឡូវកម្លាំងសមត្ថកិច្ចខណ្ឌដង្កោសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ,កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងអធិការដ្ឋាននគរបាលស្រុកពញាឮ ខេត្តកណ្តាល បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានហេីយនៅត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាលកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២២។
ក្នុងប្រតិបត្តិការនេះក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង លោក ឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយមានការសម្របសម្រួលពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ(សព)ឈ្មោះ កង គា ហៅ អាឈី ភេទស្រី អាយុ៣៥ឆ្នាំ«ត្រូវជាប្រពន្ធ» ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រស្រុកកំណើត ភូមិចុងអំពិល ឃុំចុងអំពិល ស្រុកកញ្ចៀច ខេត្តព្រៃវែង ស្នាក់នៅបន្ទប់ជួល ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ចំណែកឃាតកមានឈ្មោះ គឹម សំអាន ភេទប្រុស អាយុ៥៤ឆ្នាំ«ត្រូវជាប្តី» មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបន្តថា បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពសម្លាប់ប្រពន្ធហើយក៏គេចខ្លួនរហូតមកដល់វេលាម៉ោងជាង១១ ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ទទួលដំណឹងថាជនសង្ស័យបានធ្វើដំណើរតាមរថយន្តក្រុងពីខេត្តពោធិ៍សាត់មករាជធានីភ្នំពេញវិញ ទើបកម្លាំងសមត្ថកិច្ចចម្រុះដាក់គោលដៅស្ទាក់ចាប់បាននៅចំណុចផ្លូវជាតិលេខ៥ ភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល នាំមកកាន់នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ។ នៅចំពោះសមត្ថកិច្ចជនសង្ស័យបានសារភាពថាមូលហេតុដែលឈានការសម្លាប់ប្រពន្ធខ្លួនឯងគឺ«ប្រចណ្ឌ» ដោយសារតាមទាន់ប្រពន្ធបានឆាតទាក់ទងជាមួយអ្នកថ្មីហើយទាស់សម្តីគ្នារហូតទ្រាំមិនបានក៏ដាច់ចិត្តសម្លាប់ប្រពន្ធហើយយកភួយគ្របពីលើសពនិងចាក់សោរបន្ទប់ពីខាងក្រៅរួចរត់គេចខ្លួនតែម្តង។
ក្រោយសួរនាំរួច កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃបានប្រគល់ជនសង្ស័យមកឲ្យនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ដែលជាម្ចាស់មូលដ្ឋានដើម្បីបន្តតាមនីតិវិធី៕
ដោយ ៖ ភារ៉ា ដង្កោ