ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីលួចម៉ូតូរបស់បុគ្គលិកក្រុមហ៊ុនកាសុីណូ៦៧ នៅស្រុកចន្ទ្រា។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៣និង៤០នាទី រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងបរិវេណកាស៊ីណូ៦៧ស្ថិតក្នុងឃុំសំរោង ស្រុកចន្ទ្រា។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះសឿន ចាន់រ៉ា អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិ កំពោតស្ដារ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងបានដកហូតម៉ូតូម៉ាកវ៉ារីអូឃ្លីច ពណ៌ ខៀវ ផលិតឆ្នាំ២០២១ផងដែរ។
ប្រភពបន្តថាបន្ទាប់ពីមានសេចល្ដីរាយការណ៍ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ក៏បានចុះទៅដល់ទីតាំងកើតហេតុ ដោយសហការជាមួយកម្លាំងសន្តិសុខក្រុមហ៊ុនធ្វើការស្រាវជ្រាវ និងបានឃាត់ជនសង្ស័យ មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សំរោង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាក វ៉ារីអូឃ្លីច ពណ៌ ខៀវ ផលិតឆ្នាំ២០២១ ប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋានដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
ដោយ៖ សុថាន