ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនថៅកែហាងម៉ាស្សាម្នាក់ ទៅកាន់តុលាការហើយ ពាក់ព័ន្ធករណីបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២២ នេះកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនថៅកែហាងម៉ាស្សាម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន។

កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប ជាក់ស្តែងករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បំរើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួនបុរសថៅកែហាងម្នាក់ និង នារីរងគ្រោះចំនួន ០៨នាក់ ក្នុងនោះមានអនីតិជនចំនួន០២នាក់ និងវត្ថុតាងស្រោមអនាម័យប្រើប្រាស់រួចមួយចំនួននិងមិនទាន់ប្រើប្រាស់មួយចំនួន។

បុរសថៅកែហាង មានឈ្មោះ ប៉ក ឧត្តម ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៣  ផ្លូវបេតុង ក្នុងបូរីពិភពថ្មី សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោក ឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយ លោក វរសេនីយ៍ទោ ហាក់ លី នាយការិយាល័យ បានធ្វើការឃាត់ខ្លួនបុរសថៅកែហាងម្នាក់ និងនារីរងគ្រោះ ក្មេងៗចំនួន០៨នាក់ នៅវេលាម៉ោង០៨និង៣០នាទី យប់ ថ្ងៃទី០៧ ខែធ្នូ  ឆ្នាំ២០២២ ទីតាំងហាងម៉ាស្សាចំនួន២ទីតាំង ទី១នៅចំណុចហាងយីហោ«កុលាបក្រហម១៦៨» ស្ថិតនៅផ្ទះលេខ៣៣ ផ្លូវបេតុង និងទី២ ទីតាំងហាងគ្មានយីហោ ផ្ទះលេខ២៨១ ផ្លូវបេតុងទី១ ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពបានឲ្យដឹងថា បុរសថៅកែជាអ្នកគ្រប់គ្រងហាងទាំង២ទីតាំង ហាងម៉ាស្សាយីហោ«កុលាបក្រហម» មាននារីម៉ាស្សានិង រួមភេទ ចំនួន២នាក់  និងទីតាំងមួយទៀតផ្ទះលេខ២៨១ គ្មានយីហោ  មានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទ ចំនួន ០៦នាក់ អនីតិជន ០២នាក់និងមានបន្ទប់សម្រាប់រួមភេទចំនួន ០៣បន្ទប់ តម្លៃម៉ាស្សាធម្មតា ២០.០០០រៀល ក្នុងមួយម៉ោង និងតម្លៃនៃការរួមភេទក្នុងមួយដងចាប់ពី ២០$ ទៅ ២៥$ ហើយលុយដែលបានមកពីការ រួមភេទ គឺថៅកែហាងចែកស្មើគ្នាជាមួយស្រីៗម៉ាស្សាទាំងនោះ ។ ប្រភពដដែលបានឲ្យដឹងថា ហាងម៉ាស្សានេះ បើក ដំណើរការរកស៊ីទទួលភ្ញៀវចាប់ពីម៉ោង ០៩ព្រឹក រហូតដល់ យប់អធ្រាត្រទើបបិទទ្វារ រីឯនារីដែលជាអនីតិជនចំនួន ០២នាក់ គឺចូលមកបម្រើការងារចាប់ពីម៉ោង ០៨យប់ រហូតដល់ម៉ោង ១០យប់ ។

ចំពោះនារីរងគ្រោះទាំង០៨នាក់ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញធ្វើការអប់រំ។ ហើយចំណែកបុរសជាម្ចាស់ និង ជាមេការហាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ៕

IMG_7875

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖