ព័ត៌មានទាន់ហេតុការណ៍៖

កសិករខេត្តកំពតសប្បាយចិត្តដោយទិន្នផលស្រូវខ្ពស់ដែលទទួលបាន១ហិកតា៦តោនឯណោះ

ចែករំលែក៖

ខេត្តកំពត ៖ ដោយសារភ្លៀងធ្លាក់គ្រប់គ្រាន់ធ្វើឲ្យ ការបង្ក បង្កើនផលរបស់ប្រជាកសិករទទួលបានទិន្នផលគាប់ ប្រសើរពោលគឺមិនចំណាយថវិកាសម្រាប់ការទិញប្រេងបូមទឹកនោះឡើយ។ ប្រជាកសិករនៅតាមបណ្ដាមូលដ្ឋានក្នុងខេត្តកំពតសប្បាយចិត្តពីព្រោះផលស្រូវឆ្នាំនេះទទួលបានរហូតដល់៦តោនក្នុង១ហិកតា។ ប៉ុន្តែមិនសប្បាយចិត្ត ពីព្រោះតម្លៃថ្នាំកសិកម្មនិងជីខ្ពស់ ហើយការលក់ស្រូវចេញមិនបានថ្លៃប៉ុន្មានទេ។

អាជ្ញាធរមូលដ្ឋានខេត្តកំពតនៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម បានឲ្យដឹងថា កសិកម្មជាវិស័យស្នូលមួយ ក្នុងការជួយលើកស្ទួយជីវភាពពលរដ្ឋនិងអភវិឌ្ឍន៍មូលដ្ឋាន។ ក្នុងនោះការបង្កបង្កើនផលស្រូវសំខាន់ជាង គេ ហើយបច្ចុប្បន្នស្រែងាយស្រួលធ្វើ និងទទួលបាន​ផលច្រើន​ជាងមុនដោយឆ្នាំនេះស្រូវ១ហិកតាទទួលបាន ផល៦តោន​ប៉ុន្តែចំណេញតិច ព្រោះគ្មានទីផ្សារក្នុងស្រុក ហើយជី និងថ្នាំកសិកម្ម ឡើងថ្លៃរហូត។

លោក សេក ឈិនមេឃុំព្រែកក្រើស បានឲ្យដឹងថា ឃុំព្រែកក្រើស​ជាឃុំមួយផលិតស្រូវ​បានច្រើនជាងគេ ក្នុងស្រុកកំពង់ត្រាច ​ឃុំមានផ្ទៃដីស្រែទំហំ១៦១៦ហិកតា ក្នុងនោះមាន​ផ្ទៃដីធ្វើស្រែប្រាំង ៧៨៥ហិកតា។ លោក បានបញ្ជាក់ថា ការធ្វើស្រែបច្ចុប្បន្នប្រើកម្លាំងម៉ាស៊ីន ភ្ជួររាស់សាបព្រួស ច្រូតកាត់ ​បោកបែនមួយចប់​ មិនពិបាកដូចមុនទេ ​ហើយក្នុងមួយឆ្នាំ ពលរដ្ឋខ្លះធ្វើបាន២ដង​ និងខ្លះ៣ដង​ ហើយទិន្នផលស្រូវ ១ហិកតា ​៥ទៅ ៦តោន។

យ៉ាងណាក៏ដោយ ​លោកមេឃុំព្រែកក្រើស បានបញ្ជាក់អំពី​ផលវិបាកសម្រាប់​កសិករ​ធ្វើស្រែនៅ​តាមតំបន់ព្រំដែនថា ​ដោយសារតែយើងគ្មានទីផ្សារស្រូវក្នុងស្រុក ស្រូវ​ទាំងអស់​ត្រូវ​លក់​ចេញ​ទៅ​ប្រទេសវៀតណាម ​ធ្វើឲ្យឈ្មួញវៀតណាម ​និង​ឈ្មួញកណ្តាល ទម្លាក់​តម្លៃយើង​ពេលស្រូវ​ប្រមូលផលបានច្រើន​ ម្យ៉ាងទៀតតម្លៃជី ​ឡើងថ្លៃរហូត។

តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ខេត្តកំពតមានផ្ទៃដីស្រែជាង ១៣ម៉ឺនហិកតា​ ដែលអាចប្រមូលផលបានរង្វង់ ​៥០ម៉ឺនតោនក្នុង១ឆ្នាំ។​ ជាក់ស្តែងឆ្នាំ ​២០២២នេះ ការប្រមូលផលស្រូវវស្សាបានជាង ២៨ម៉ឺនតោន​ លើផ្ទៃដីស្រែជាង ៨ម៉ឺនហិកតា ​ស្មើនឹង៦៤% នៃផ្ទៃដី​បង្កបង្កើតផលសរុប៕

ដោយ៖ សូរិយា


ចែករំលែក៖