ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត្រ ភក្ត្រា ៖ កន្ធាយក្បាលកង្កែបឬល្មិចមាននៅប្រទេសកម្ពុជាច្រើនជាងគេបំផុត

ចែករំលែក៖

ភ្នំពេញ ៖ កន្ធាយក្បាលកង្កែបឬល្មិច ដែលមានឈ្មោះវិទ្យាសាស្ត្រថា Pelochelys cantori ត្រូវបានចាត់ចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត។ វានៅមានចំនួនតិចតួចប៉ុណ្ណោះក្នុង ប្រទេសឡាវ និងប្រទេសមួយចំនួនទៀត និងវាទំនងជាបានផុតពូជហើយនៅតាមអតីតទីជម្រកដែលវាធ្លាប់ រស់នៅភាគច្រើនក្នុងប្រទេសវៀតណាមនិងថៃ ដោយសារមានការលួចចាប់និងធ្វើពាណិជ្ជកម្ម រួមទាំង សកម្មភាពខុសច្បាប់ក្នុងការប្រមូលយកពងរបស់យកទៅលក់ឬធ្វើជាអាហារ។ នេះជាលើកឡើង ដោយលោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ 

លោករដ្ឋលេខាធិការ បានបន្តថា, នៅកម្ពុជា អ្នកវិទ្យាសាស្ត្រមិនបានរកឃើញវត្តមានប្រភេទកន្ធាយ នេះទេក្នុងចន្លោះពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៧។ ក៏ប៉ុន្តែ ក្នុងឆ្នាំ ២០០៧ អង្គការអភិរក្សអន្តរជាតិ (CI)បានរកឃើញវត្តមានកន្ធាយនេះនៅក្នុងទន្លេមេគង្គចន្លោះពីខេត្តក្រចេះ ដល់ស្ទឹងត្រែង។ អង្គការអភិរក្សអន្តរជាតិ CI បានធ្វើការជាមួយរដ្ឋបាលជលផលការពារប្រភេទកន្ធាយនេះ រហូតដល់ឆ្នាំ ២០១៧ ទើបប្រគល់គម្រោង នេះឲ្យមកអង្គការ WCS គ្រប់គ្រងបន្ត។ ចាប់តាំងពីពេលនោះ មក អង្គការ WCS និងរដ្ឋបាលជលផល បាន និងកំពុងធ្វើការអភិរក្សប្រភេទសត្វនេះ តាមរយៈការទប់ស្កាត់ រាល់ សកម្មភាពខុសច្បាប់ទាក់ទងនឹងការចាប់ និងការធ្វើពាណិជ្ជកម្មប្រភេទកន្ធាយក្បាលកង្កែបនេះ កម្មវិធី ការ ពារសំបុកនៅតាមសហគមន៍ និងគាំទ្រដល់ការ អភិវឌ្ឍសហគមន៍ និងសហគមន៍នេសាទ។

លោកថ្លែងទៀតថា, កន្ធាយក្បាលកង្កែបគឺជាប្រភេទមួយក្នុងចំណោមប្រភេទកម្រៗជាច្រើនទៀតនៅតាមដងទន្លេមេគង្គ ព្រោះ កន្ធាយក្បាលកង្កែបរស់នៅក្នុងអន្លង់ជ្រៅៗជាមួយត្រីដូលហ្វីន និងត្រីបបែលយក្សជាដើម។ ការលែងកន្ធាយ ក្បាលកង្កែបដែលជាប្រភេទដ៏សំខាន់ចូលក្នុងជម្រកធម្មជាតិ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការស្ដារ ប្រភេទនេះឡើងវិញកុំឱ្យផុតពូជនាពេលអនាគត។ 

នៅក្នុងរដូវពងកូនឆ្នាំ ២០២២ នេះ ក្រុមការពារសំបុកសហគមន៍បានរកឃើញសំបុកកន្ធាយក្បាលកង្កែប ចំនួន ៦៣សំបុក ស្មើនឹង ២១៥៥ពង។ គិតត្រឹមពីដើមខែមីនា ដល់ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២២ មាន កូនកន្ធាយក្បាលកង្កែបសរុបចំនួន ៩៨២កូនបានញាស់ចេញពីសំបុកចំនួន ៤០ សំបុក ហើយក្រុមការងារ បានលែងកូនកន្ធាយចំនួន ៤០២ក្បាលចូលក្នុងទីជម្រកធម្មជាតិវិញ និងនៅសល់ ៥៨០ក្បាលទៀត ត្រូវ លែងនៅថ្ងៃនេះ។ ក្រុមការងាររំពឹងថាពងដែលនៅសេសសល់អាចនឹងញាស់បានខ្លះបន្ថែមទៀត។ កាលពី រដូវពងកូនឆ្នាំ២០២១ ក្រុមការងារបានរកឃើញ ៦៦សំបុក ស្មើនឹង ២៥២៨ពង និងបានលែង ១៣០០ កូន ចូលក្នុងទីជម្រកធម្មជាតិវិញ ៕

ដោយ៖ សហការី


ចែករំលែក៖