ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវចូលក្នុងបុរីបណ្តាលឱ្យរងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

    ភ្នំពេញ ៖ មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់និងស្រាល ខណៈដែលជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តដែលកំពុងបើកឆ្លងផ្លូវចូលក្នុងបុរីយ៉ាងពេញទំហឹង។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកFord ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BI- 4868 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីកើតទៅលិច។ លុះបើកមកដល់ត្រង់ចំណុចកើតហេតុមុខបុរីអូគីដេក៏បានបត់ឆ្វេងដៃឆ្លងផ្លូវចូលក្នុងបុរីស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BX-7737បើកបរដោយយុវជនម្នាក់នឹងរួមដំណើរដោយយុវជនប្រុសស្រី២នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបានជ្រុលទៅបុកចំក្បាលរថយន្តហ្វដពេញទំហឹងបណ្ដាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់និងស្រាលចំនួន ៣នាក់ ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។

    ក្រោយកើតរហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំធ្វើការដោះគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ៕

ដោយ៖ និន សុភ័ស្ត


ចែករំលែក៖