ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនសង្ស័យស្រវឹងស្រាបើករថយន្តបុកទម្លុះរបងគម្រោងបុរីជីបម៉ុងលេន បណ្ដាលឱ្យរងការខូចខាតអស់ចំនួន៣ផ្ទាំង

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តToyota Prius មួយគ្រឿងក្នុងល្បឿនយ៉ាងលឿនហើយពេលបើកមកដល់ផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកទម្លុះរបងគម្រោងបុរីជីបម៉ុងលេន ធ្លាយចូលទៅក្នុងរងការខូចខាតចំនួន៣ផ្ទាំង ឯអ្នកបើកបរដេកក្នុងរថយន្តធ្វើព្រងើយ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២២ នៅត្រង់ចំណុចគម្រោងបុរីជីបម៉ុងលេនមួយកន្លែងស្ថិតនៅជាប់នឹងផ្លូវបេតុងចូលផ្សារព្រៃទា ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តToyota Prius មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AB-8097ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើដោយសារតែផ្លូវកោងបួងចង្កូតមិនទាន់ក៏បានរេចង្កូតទៅខាងស្ដាំដៃជ្រុលទៅបុកទម្លុះរបងគម្រោងបុរីជីបម៉ុងលេនពេញទំហឹងបណ្ដាលឱ្យធ្លាយចូលទៅខាងក្នុងរងការខូចខាតរបងអស់ចំនួន៣ផ្ទាំង។ ភ្លាមៗនោះអ្នកបើកបររថយន្តមិនបានចេញមកក្រៅទេគឺបានសម្ងំដេកក្នុងរថយន្តធ្វើមិនដឹង។

    ក្រោយកើតហេតុ សន្តិសុខដែលយាមនៅចំណុចទីតាំងខាងលើបានយករនាំងដែកមកបិទ ហើយក្រោយបន្តិចមកក៏មានសាច់ញាតិខាងអ្នកបើករថយន្តមកដល់កន្លែងកើតហេតុសូមធ្វើការដោះស្រាយគ្នា ដោយសន្តិសុខបានប្រាប់ថាមិនហ៊ានអារកាត់ទេ រង់ចាំថ្ងៃស្អែកសូមមកធ្វើការដោះស្រាយគ្នាជាមួយក្រុមហ៊ុន៕

ដោយ៖ និន សុភ័ស្ត


ចែករំលែក៖