ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរសង្កាត់គោកឃ្លាងជួសជុលផ្លូវលំ១ខ្សែប្រវែង២៣០ម៉ែត្រ ទទឹង ៦ម៉ែត្រជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង បានធ្វើការជួសជុលកំណាត់ផ្លូវលំ១ខ្សែប្រវែង ២៣០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅមុខប៉ុស្តិ៍នគរបាលគោកឃ្លាង ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយចាក់ថ្មមិចកិនបង្ហាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ។

    លោកចៅសង្កាត់គោកឃ្លាងបានឱ្យដឹងថា ផ្លូវនេះដែរដោយការយកចិត្តដាក់និងគិតគូររបស់ក្រុមប្រឹក្សាសង្កាត់រយៈពេលកន្លងមក រដ្ឋបាលសង្កាត់បានធ្វើការជួសជុលដោយចាក់កម្ទេចថ្មីជាបន្តបន្ទាប់សម្រួលដល់ការធ្វើចរាចរណ៍មួយរយៈសិន ដោយហេតុថា ផ្លូវនេះក្រុមប្រឹក្សាសង្កាត់បានដាក់បញ្ចូលក្នុងផែនការត្រូវស្ថាបនាជាបេតុងនៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។

    លោកចៅសង្កាត់បានបញ្ជាក់ទៀតថា គ្រប់ផ្លូវដែលមិនទាន់បានជួសជុល គឺក្រុមប្រឹក្សាសង្កាត់បានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ក្រុមប្រឹក្សាសង្កាត់ ដែលយើងនឹងធ្វើការជួសជុលស្ថាបនាជាជំហានៗទៅតាមកញ្ចប់ថវិកាផ្នែកអភិវឌ្ឍន៍ស្របទៅតាមកម្មវិធីវិនិយោគប្រចាំឆ្នាំ ដែលបានកំណត់ដោយក្រុមប្រឹក្សាសង្កាត់។

     គេសង្កេតឃើញថា សង្កាត់គោកឃ្លាងជាសង្កាត់មួយក្នុងចំណោមសង្កាត់ជាច្រើនទៀតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍច្រើន ពិសេសទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានានិងភាពរហ័សរហួនផ្នែកសេវាផ្សេងៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អក្រោមការដឹកនាំរបស់លោកញ៉ាត សាម៉េត ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖