ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ លើកឡើងនូវអនុសាសន៍គន្លឹះចំនួន ៨សំខាន់ ដល់ការគ្រប់គ្រង និង អភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ប្រកបដោយនិរន្តរភាព, ប្រសិទ្ធភាព និង ការទទួល ខុសត្រូវ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ដើម្បីចូលរួមដល់កិច្ចពិភាក្សាក្នុងអង្គមហាសន្និបាតលើកទី ១៦ នេះ ក៏ដូចជារួមចំណែក ដល់ការគ្រប់គ្រង និង អភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ប្រកបដោយនិរន្តរភាព, ប្រសិទ្ធភាព និង ការទទួល ខុសត្រូវ, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមលើកឡើងនូវអនុសាសន៍គន្លឹះមួយចំនួន ដូចខាងក្រោម៖

ទី១៖ ត្រូវរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ដែលនេះជាចំណុចធំជាងគេក្នុងចំណោម ចំណុចដែលទាក់ទងជាមួយការអភិវឌ្ឍនៃបណ្តាប្រជាជាតិនៅលើសាកលលោក ។ គ្មាន ទេសចរណា ប្រថុយប្រថានគ្រោះថ្នាក់ ធ្វើដំណើរទៅកាន់ប្រទេសដែលមានសង្គ្រាម នោះទេ ។

ទី២៖ កម្ពុជា ប្តេជ្ញារក្សាឱ្យបាននូវសមាជិកភាពក្នុងក្លឹប ហើយខេត្តតំបន់ឆ្នេរសមុទ្ររបស់ កម្ពុជាទាំង ៤ ក៏ត្រូវរក្សាឱ្យបាននូវខ្សែក្រវាត់ និង កិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ។ យើងត្រូវប្តេជ្ញាធ្វើឱ្យទីក្រុងជាប់ឆ្នេរសមុទ្ររបស់ យើងមាននិរន្តរភាព ដូចដែលយើងបានកំណត់ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍវិស័យ ទេសចរណ៍ខេត្តតំបន់ឆ្នេរ គឺ៖

– ខេត្តព្រះសីហនុ៖ ជា «គោលដៅទេសចរណ៍សម្រាកលម្ហែ និង ជាតំបន់សេដ្ឋកិច្ច ពហុបំណង”

– ខេត្តកែប៖ ជា “គោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និង ប្រណិត”,

– ខេត្តកំពត៖ ជា «គោលដៅទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិ-ទេសចរណ៍ តំបន់ឆ្នេរ», និង

– ខេត្តកោះកុង៖ ជា «គោលដៅអេកូទេសចរណ៍តំបន់ទេសចរណ៍លំដាប់ពិភពលោក» ។

ទី៣៖ ខ្ញុំស្នើឱ្យមានការរៀបចំវេទិកាជាតិតំបន់ឆ្នេរប្រចាំឆ្នាំ ដើម្បីជួបជុំ, ពិភាក្សា និង ផ្លាស់ប្តូរ យោបល់ជុំវិញការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយយើងអាចកំណត់ថ្ងៃទី ២៦ ខ ឧសភា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃកម្ពុជាបានក្លាយជាសមាជិកក្លឹប ដើម្បីរៀបចំវេទិកា ជាតិនេះ ដោយអាចឆ្លាស់វេនគ្នានៅតាមបណ្តាខេត្តតំបន់ឆ្នេរទាំង ៤ ។

ទី៤៖ ខ្ញុំសូមស្នើឱ្យក្រសួងទេសចរណ៍ និង អាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំ សារៈមន្ទីរឆ្នេរ (Maison de le Baie) ។ ក្នុងន័យនេះ, ខ្ញុំសូមស្នើឱ្យ ឯកឧត្តមប្រធាន ក្លឹប និង សមាជិកក្លឹបទាំងអស់ ជួយចែករំលែកអំពីបទពិសោធ និង ដំណើរការនៃការ- រៀបចំសារៈមន្ទីរឆ្នេររបស់ខ្លួន ។

ទី៥៖ ខ្ញុំសូមស្នើឱ្យក្រសួងទេសចរណ៍ សហការជាមួយក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើ សកលលោក សិក្សារៀបចំឱ្យមាននូវ ស្ថាប័នអង្កេតទេសចរណ៍សម្រាប់ឆ្នេរ (Coastal Tourism Observatory) ដើម្បីជាយន្តការស្ថាប័នមួយបន្ថែមទៀត ក្នុងការជំរុញ ការអភិវឌ្ឍវិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រ ដូចដែលសមាជិកក្លឹបផ្សេងទៀតបាន រៀបចំ ។

ទី៦៖ ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ, កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាលេខាធិការដ្ឋានសម្រាប់ធានាដំណើរការរដ្ឋបាល និង កិច្ចការទូទៅរបស់ ក្លឹប ហើយក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តព្រះសីហនុ ត្រូវរៀបចំឱ្យមានកន្លែង បំពេញការងារជាអចិន្ត្រៃយ៍មួយនៅក្រសួងទេសចរណ៍ និង មួយទៀតនៅក្រុងព្រះ- សីហនុសម្រាប់ដំណើរការលេខាធិការដ្ឋាននេះ ។ ទន្ទឹមនឹងនេះ, ខ្ញុំក៏ស្វាគមន៍ផងដែរ ចំពោះការរៀបចំឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹប នៅឆ្នាំ ២០២៣ ឬ ពេលខាងមុខ ណាមួយ រួមជាមួយព្រឹត្តិការណ៍ផ្សេងៗទៀតរបស់ក្លឹបនៅលើទឹកដីឆ្នេរសមុទ្រកម្ពុជា ។

ទី៧៖ ជាមួយនឹងការបោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិសម្រាប់អាណត្តិបន្ទាប់ នាឱកាស បិទមហាសន្និបាត, កម្ពុជាសូមគាំទ្រចំពោះបេក្ខភាព ឯកឧត្តម ប៊ូណូ បូដាដ (Bruno Bodard) ជាប្រធានក្លឹបសម្រាប់អាណត្តិបន្ទាប់ និង សូមឱ្យគណៈប្រតិបត្តិ និង សមាជិកក្លឹបទាំងអស់ គាំទ្រកម្ពុជាជាសមាជិកក្រុមប្រឹក្សាភិបាលក្លឹប សម្រាប់អាណត្តិ (២០២៣-២០២៥) ក្រោមការដឹកនាំរបស់ ឯកឧត្ដម ល្វីស ធីបុល (Louis Thébault) ដែលនឹងចូលកាន់តំណែងនាអាណត្តិបន្ទាប់ ។

ទី៨៖ ជាមួយក្តីរំពឹងថា អង្គមហាសន្និបាតនឹងអនុម័តដាក់ចេញនូវ ធម្មនុញ្ញឆ្នេរ (Charter of Bay), ខ្ញុំសូមស្នើឱ្យអង្គមហាសន្និបាត រួមទាំងកម្ពុជាផងដែរ យកឯកសារនេះជាគោល ដើម្បីជាត្រីវិស័យមួយបន្ថែមទៀត ក្នុងការតម្រែតម្រង់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់ ខ្លួន៕

ដោយ : សុខ ខេមរា


ចែករំលែក៖