ខេត្តតាកែវ ៖ ហាក់ដូចជាមានការប្រទាំងប្រទើសគ្នានៅក្នុងចំណោមមន្ត្រីអនុវត្តច្បាប់ខេត្តតាកែវក្នុងករណីចាប់រថយន្តដឹកអុសដើមអាកាស្យាចំនួន២គ្រឿងដែលគេសង្ស័យថា មានការឃុបឃិតពីសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើរីឯនគរបាលសេដ្ឋកិច្ចនៅស្នងការខេត្ត តាកែវមិនបានផលប្រយោជន៍ក៏ឃាត់ចាប់ទាំងយប់តែម្ដង។ ហេតុការណ៍ចាប់រថយន្តយីឌុបដឹកអុសដើមអាកាស្យានេះបានកើតឡើងនៅវេលាម៉ោង២និង៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ខែធ្នូឆ្នាំ២០២២។
ឈើអុសដើមអាកាស្យាចំនួន២រថយន្តយីឌុប ដែលត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តឃាត់បាន ខណៈពេលដែលរថយន្តទាំង២គ្រឿងនោះ បានដឹកអុសអាកាស្យានេះមិនបានដឹងច្បាស់លាស់ថា ដឹកចេញមកពីណាច្បាស់លាស់ និងដឹកយកទៅណាឱ្យបានច្បាស់ លាស់នោះទេ។
រថយន្តដឹកអុសទាំងពីរគ្រឿងត្រូវបានចាប់នៅចំណុចមុខមន្ទីរកិច្ចការនារីខេត្ត ស្ថិតក្នុងសង្កាត់រកា ក្រុងដូនកែវ ខេត្តតាកែវ។
លោកវរសេនីយ៍ត្រី ព្រឿង ណាវី នាយរងការិយាល័យនគរបាលសេដ្ឋកិច្ចខេត្ត បានឱ្យដឹងថា រថយន្តដឹកអុសទាំង២គ្រឿងនេះ មាន១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ ៣B 8049 និង១គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 3D 1990 ។
លោកនាយរងការិយាល័យនគរបាលសេដ្ឋកិច្ចខេត្ត បានបន្តទៀតថា ចំពោះការឃាត់នេះ គឺដោយសារតែមានការណែនាំពីលោកឧត្តមសេនីយ៍ទោឈាង ផាន់ណារ៉ា ស្នង ការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនោះ ទើបកម្លាំងរបស់លោកឃាត់ទុក ដើម្បីសួរនាំរកលិខិតស្នាមឱ្យបានត្រឹមត្រូវ តែនៅពេលយើងត្រួតពិនិត្យ គឺមិនមានលិខិតស្នាមអ្វីទាំងអស់។
បើតាមនគរបាលសេដ្ឋកិច្ចខេត្តបញ្ជាក់ថា ចំពោះរថយន្តដឹកឈើអាកាស្យាទាំង២គ្រឿងនេះ គឺបានដឹកដោយមានការលាក់លៀម មិនមានគោលដៅច្បាស់លាស់ថា តើដឹកចេញមកពីណាទៅចំណុចណាឡើយ? ហើយច្រើនជើងណាស់មកហើយ គឺពួកឈ្មួញ គ្រាន់តែត្រូវគ្នាជាមួយនឹងរដ្ឋបាលព្រៃឈើតែប៉ុណ្ណោះ គឺចប់។
បើតាមអ្នកបើកបររថយន្តដឹកអុសអាកាស្យា បានឱ្យដឹងថា រថយន្តទាំង២គ្រឿងនេះបានដឹកមកពីស្រុកស្រែអំបិលខេត្តកោះកុង។
មិនអាចសុំការបំភ្លឺពីមេខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានឡើយ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ៕
ដោយ៖ សូរិយា