កាលពីថ្ងៃទី១០ ខែធ្នូ ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) បាននិយាយថា ខ្លួនបានអនុម័តកញ្ចប់ឯកសារដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវកញ្ចប់ជំនួយឥណទានដែលមានតម្លៃ១៨ ពាន់លានអឺរ៉ូ (១៨,៩ ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៣ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមប្រឹក្សាបានឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់នីតិប្បញ្ញត្តិដែលនឹងអនុញ្ញាតឱ្យសហភាពអឺរ៉ុបជួយផ្នែកហិរញ្ញវត្ថុដល់អ៊ុយក្រែននៅឆ្នាំ២០២៣ ជាមួយនឹងទឹកប្រាក់ ១៨ពាន់លានអឺរ៉ូ” ។ សំណើនេះត្រូវបានអនុម័តជាលាយលក្ខណ៍អក្សរដោយក្រុមប្រឹក្សា ហើយនឹងត្រូវដាក់ជូនសភាអឺរ៉ុបដើម្បីពិចារណា និងផ្តល់សច្ចាប័នក្នុងសប្តាហ៍ក្រោយ។
ការផ្តល់ប្រាក់កម្ចីរបស់សហភាពអឺរ៉ុបដល់ទីក្រុងកៀវនឹងមានរយៈពេលអនុគ្រោះរយៈពេល១០ឆ្នាំជាមួយនឹងការធានាពីរដ្ឋសមាជិកសហភាពអឺរ៉ុប ឬថវិការួមរបស់សហគមន៍។ អ៊ុយក្រែនកំពុងប្រញាប់ប្រញាល់ស្វែងរកជំនួយហិរញ្ញវត្ថុសង្គ្រោះបន្ទាន់រាប់ពាន់លានដុល្លារនៅឆ្នាំក្រោយ ខណៈដែលខ្លួនកំពុងតស៊ូដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជម្លោះបច្ចុប្បន្នជាមួយរុស្ស៊ី។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប៉ាន់ប្រមាណថា រដ្ឋាភិបាលក្រុងកៀវនឹងត្រូវការប្រាក់ប្រហែល៣-៤ ពាន់លានអឺរ៉ូក្នុងមួយខែក្នុងឆ្នាំ ២០២៣ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សារដ្ឋាភិបាលអ៊ុយក្រែនឱ្យដំណើរការ ខណៈដែលស្ថានភាពជម្លោះអាចនឹងបន្ត។
សហភាពអឺរ៉ុបសង្ឃឹមថា ការគាំទ្រនិងការរួមចំណែករបស់សម្ព័ន្ធភាពពីសហរដ្ឋអាមេរិក និងម្ចាស់ជំនួយអន្តរជាតិសំខាន់ៗផ្សេងទៀត នឹងជួយសម្រេចបាននូវកម្រិតជំនួយចាំបាច់សម្រាប់អ៊ុយក្រែន៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN