ក្រុមជម្រើសជាតិបារាំងបានផ្តួលក្រុមតោកំណាចអង់គ្លេសដោយលទ្ធផល ២-១នៅកីឡដ្ឋាន Al Bayt ហើយត្រូវប៉ះក្រុមជម្រើសជាតិម៉ារ៉ុក ដែលកំពុងឡើងជើងខ្លាំងមកពីទ្វីបអាហ្រ្វិក។
ក្រុមអង់គ្លេស មិនអាចបន្តទៅមុខបានដោយសារការស៊ុតបាល់ប៉េណាល់ទីរបស់ ខ្សែប្រយុទ្ធHarry Kane មិនបានសម្រេច។
បារាំងបាននាំមុខនៅនាទីទី ១៧ដោយកីឡាករ Aurelien Tchouameni។ក្រុមអង់គ្លេសគឺជាក្រុមដែលល្អជាងសម្រាប់ការប្រកួតនេះនិងបង្កើតឱកាស បានបាល់ពិន័យ១១ម៉ែត្រ ស៊ុតបញ្ចូលទីជោគជ័យដោយ កីឡាករ Kane ខ្សែប្រយុទ្ធរបស់ក្លិប មាន់ខ្នាយមាស Tottenham ។
នៅនាទី៧៨ ជម្រើសជាតិបារាំងបាននាំមុខសារជាថ្មីទៅលើអង់គ្លេសដោយខ្សែប្រយុទ្ធOlivier Giroud។ ចំណែកតោកំណាចក៏បានឱកាសមាសតាមស្មើវិញដែរ តែស៊ុតបានប៉េណាល់ទីមិនចូលដោយ កីឡាករ Harry Kane ធ្វើឱ្យអង់គ្លេសចាញ់ត្រឹមការប្រកួត៩០នាទីប៉ុណ្ណោះ។
ចំណែកឯក្រុមជម្រើសជាតិម៉ារ៉ុក ក្លាយទៅជាក្រុមមកពីទ្វីបអាហ្វ្រិកដំបូងគេដែលបានទៅលេង World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីពួកគេបានឈ្នះជម្រើសជាតិព័រទុយហ្គាល់ដោយលទ្ធផល១-០។
ខ្សែប្រយុទ្ធStriker Youssef En-Nesyri ស៊ុតបាល់ជ័យជម្នះរបស់ខ្លួននៅនាទី៤២តង់ទី១។ ទោះបីជាព័រទុយហ្គាល់ព្យាយាមវាយបកនិងប្តូរកំពូលខ្សែប្រយុទ្ធRonaldoចូលក៏ដោយក៏មិនអាចទម្លុះរនាំងការពាររបស់ម៉ារ៉ុក ហើយត្រូវហាលអាវត្រឹមវគ្គ៨ក្រុមចុងក្រោយ។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ១៣ខែធ្នូឆ្នាំ២០២២ ដោយក្រុម អាហ្សង់ទីនប៉ះក្រូអាត ហើយ ម៉ារ៉ុកប៉ះបារាំងនៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០២២ ៕
ដោយ៖ ភារៈ