ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាត្រូវបានគាំទ្រឱ្យចូលរួមប្រកួតកីឡាទូកក្ដោង សម្រាប់សមាជិកក្លិបឆ្នេរស្អាតបំផុតនៅលោក នាចុងឆ្នាំ២០២៣

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ៖ ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោក បានគាំទ្រកម្ពុជាដែលជាសមាចិកមួយដែរនោះ ឱ្យចូលរួមប្រកួតកីឡាទូកក្តោងសម្រាប់សមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកលើកទី១ ឆ្នាំ២០២៣ ដោយគ្រោងរៀបចំចាប់ពីថ្ងៃទី១៤-១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងសន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍ និងការអភិរក្សឆ្នេរសមុទ្រនៃមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ លោក ថោង រដ្ឋសកិ្ត ប្រធានស្តីទីសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានដឹកនាំក្រុមការងារនៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា ចូលរួមក្នុងសន្និសីទនេះដែរ។

នាឱកាសនោះ លោក ថោង រដ្ឋសក្តិ បានឱ្យដឹងថា ក្រោយពីទទួលបានការគាំទ្រពីក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោក គណៈកម្មការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាទូកក្តោងពិភពលោក ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងសម្រាប់សមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោកលើកទី១ ឆ្នាំ២០២៣ ដែលគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានស្នើសុំ និងទទួលបានការអនុញ្ញាតពីក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោក ដើម្បីធ្វើបទបង្ហាញអំពីការត្រៀមខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍កីឡាទូកក្តោងខាងលើ នៅក្នុងមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោកលើកទី១៦ ឆ្នាំ២០២២។

ក្រោយពីការធ្វើបទបង្ហាញរបស់លោក ថោង រដ្ឋសក្តិ និងលោក Lemmy Teo ទីប្រឹក្សានៃសហព័ន្ធ ប្រទេសជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោក បានបង្ហាញការគាំទ្រដល់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍ខាងលើ។ លើសពីនេះទៀត​​ សម្រាប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ គណៈកម្មការប្រតិបត្តិក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោកនឹងរៀបចំកិច្ចប្រជុំ និងសម្រេចអនុម័តលើការងារមួយចំនួន ដោយក្នុងនោះការប្រកួតខាងលើក៏នឹងត្រូវលើកយកមកប្រជុំពិភាក្សា និងសម្រេចផងដែរ។

លោកបានបន្ថែមថា ព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងសម្រាប់សមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោកនេះ គឺជាព្រឹត្តិការណ៍អន្តរជាតិមួយដ៏មានសារៈសំខាន់សម្រាប់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ដែលអាចផ្សព្វផ្សាយអំពីសក្តានុពល និងការអភិវឌ្ឍកីឡាទូកក្តោងនៅក្នុងប្រទេសកម្ពុជា ដល់សមាជិកទាំង២៦ប្រទេសនៃក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោក និងពិភពលោកទាំងមូល ហើយក៏ជាការបង្កើននូវសមត្ថភាពរបស់ក្រុមកីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជាលើការរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិ។

បើតាមលោក ថោង រដ្ឋសក្តិ ព្រឹត្តិការណ៍នេះក៏ជាការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ និងហេដ្ឋារចនាសម្ពន្ធថ្នីៗរបស់ខេត្តព្រះសីហនុ ដែលជាផ្នែកមួយដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តតំបន់ឆ្នេរនៃប្រទេសកម្ពុជាផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖