ខេត្តស្វាយរៀង៖ លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិតាវាំង ឃុំគគីរ ស្រុករមាសហែកមានការសប្បាយរំភើបចិត្តយ៉ាងខ្លាំងព្រោះបានសមិទ្ធផលផ្លូវមួយខ្សែចាក់កម្ទេចថ្មដែលមានប្រវែង២៧៧០ម៉ែត្រឆ្ពោះទៅព្រំដែន ត្រូវបានបើកការដ្ឋានស្ថាបនាបន្ទាប់ពីបើកវេទិកាសាធារណ:ជាមួយប្រជាពលរដ្ឋនាពេលកន្លងមកដើម្បីងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់និងដឹកកសិផល។
លោកតាដែលរស់នៅភូមិតាវាំងក្នុងឃុំគគីរ ស្រុករមាសហែកបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់លោក ស៊ូ ម៉ុល អភិបាលស្រុកដែលបានគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងថ្ងៃនេះតែម្ដងដែលលោកបានចុះមកផ្ទាល់ក្នុងការបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែនេះនិងជួបសំណេះសំណាលព្រមទាំងបើកវេទិកាសាធារណ:ដើម្បីបានដឹងពីទុក្ខកង្វល់ ទុក្ខលំបាកនិងសំណើសំណូមពរផ្សេងៗដែលបានកើតឡើងនាពេលកន្លងមក។
ជាក់ស្ដែងនាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះលោក ស៊ូ ម៉ុល អភិបាលស្រុកបានបន្តចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់កម្ទេចថ្មដែលមានប្រវែង២៧៧០ម៉ែត្រមានកម្រាស់០.១៥ម៉ែត្រ ស្ថិតក្នុងភូមិតាវាំងនិងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងបើកវេទិកាសាធារណ: ស្ថិតនៅក្នុងឃុំគគីរ ស្រុករមាសហែក ។
លោក ស៊ូ ម៉ុល អភិបាលស្រុកបានថ្លែងថា ក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់លោកស្រី ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាលចុះមូលដ្ឋានខេត្តស្វាយរៀង លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានធ្វើឱ្យខេត្តស្វាយរៀងក៏ដូចជាស្រុករមាសហែកមានការរីកចម្រើនលើគ្រប់វិស័យ។
ក្នុងឱកាសនោះ លោក ស៊ូ ម៉ុល បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខនិងនឹករលឹកពីសំណាក់លោកសៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែកដែលបានកសាងសមិទ្ធផលនានាជាច្រើននៅទូទាំងស្រុករមាសហែក។
លោក ស៊ូ ម៉ុល បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុករមាសហែកបន្តការខិតខំអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៧ចំណុចជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបានធ្វើការផ្តាំផ្ញើដល់មន្រ្តីមេឃុំ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ឲ្យបានទាន់ពេលវេលា ។
លោកក៏បានណែនាំដល់បងប្អូនពលរដ្ឋថា ពេលបានផ្លូវបេតុងល្អងាយស្រួលធ្វើដំណើរហើយ សូមចូលរួមថែរក្សាទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនមែនជារបស់បុគ្គលណាម្នាក់ឡើយ ហើយចំពោះអ្នកម៉ៅការផ្លូវនេះសូមធ្វើឱ្យមានគុណភាពនិងត្រូវតាមលក្ខណៈបច្ចេកទេស ពិសេសសូមឱ្យអ្នកប្រើប្រាស់ផ្លូវចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍។
បន្ទាប់មកលោកអភិបាលស្រុកបានជំរុញដល់បងប្អូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាប័ណ្ណរបស់ខ្លួនហួស សុពលភាពសូមអញ្ជើញប្រញាប់មកធ្វើថ្មីក្នុងរយៈពេល៣ខែ និងសូមពុកម៉ែបងប្អូនចាស់ក្មេងបន្តនាំគ្នាមកចាក់វាក់សាំងទាំងដូសមូលដ្ឋាននិងដូសជំរុញ។ មិនតែប៉ុណ្ណោះ ពុកម៉ែបងប្អូនសូមអញ្ជើញចូលរួមទៅបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខឱ្យបានគ្រប់ៗគ្នា៕
ដោយ៖ សុថាន