ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ដែលបានបង្ករបួសស្នាមយកមកសួរនាំ

ចែករំលែក៖

ខេត្ត​បាត់ដំបង ៖ បុរស២នាក់ត្រូវបានចាប់ខ្លួន នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​នៅព្រឹកថ្ងៃ​អង្គារ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២២​ ដែលបានឱ្យដឹងថា​ កម្លាំងនគរបាលស្រុកគាស់ក្រឡបានឃាត់ខ្លួនជនសង្ស័យ០២នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រដាប់ដោយកាំបិត) បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់។ 

   របាយការណ៍ដដែល​បន្តថា​ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រដាប់ដោយកាំបិត)ខាងលើនេះ​ បានកេីតឡេីង​កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចទួលជំនាគ ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ 

   សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ និងអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ សម្បត្តិ​ សំបូរ​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ រស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និង២.ឈ្មោះ សំ​ រស្មី​ ភេទប្រុស​ អាយុ២៨ឆ្នាំ​ រស់នៅភូមិចែង ឃុំចែងមានជ័យ​ ស្រុកបាណន់ ខេត្តបាត់ដំបង (ជនដៃដល់)។

    នៅចំពោះមុខសមត្ថកិច្ច ជនសង័្សយបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពប្រេីប្រាស់កាំបិតកាប់ទៅលេីជនរងគ្រោះម្នាក់ឈ្មោះ​ ពៅ​ យ៉ូន​ ភេទប្រុស​ អាយុ៤១ឆ្នាំ​ រស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង របួស០៤ថ្នេរចំត្រង់ក្បាល។ 

    សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថា​ ករណីហិង្សាខាងលេីនេះគឺបណ្តាលមកពីមានជម្លោះពាក្យសម្តីគ្នាដោយប្រេីឧបករណ៍នេសាទខុសច្បាប់។ ជនសង្ស័យទាំង០២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ដោយ៖ អារុណរះ


ចែករំលែក៖