ខេត្តកំពង់ឆ្នាំង ៖ របាំងស្បៃមុងជាច្រើនកន្លែង និងមានប្រវែង វែងៗចម្ងាយរាប់រយម៉ែត្រត្រូវបានគេប្រទះឃើញ នៅតំបន់អភិរក្សទួលចារ ស្ថិតនៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច។ ជាមួយគ្នានេះ ការដាក់សម្រាស់ជាច្រើនកន្លែងក៏ត្រូវបានគេប្រទះឃើញក្នុងដែនអភិរក្សនោះផងដែរ។
នៅរសៀលថ្ងៃទី១២ខែធ្នូ ឆ្នាំ ២០២២ក្រុមអ្នកសារ ព័ត៌មានមួយក្រុមបានទៅថតនិងផ្តិតរូបភាពនៅចំណុចអភិរក្សទួលចារ ក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ហើយប្រទះឃើញរបាំងវែងៗជាច្រើនកន្លែងរួមទាំងមានការដាក់សម្រាស់ ទៀតផង។ ជាមួយគ្នានោះ ក៏បានប្រទះ កាណូត១គ្រឿងកំពុងដឹកសម្រាស់យកទៅបម្រុងទម្លាក់ ចូល នៅទីតាំងនោះ ប៉ុន្តែដោយឃើញក្រុមអ្នក សារព័ត៌មានក៏បាន បើកគេចចេញទៅ ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថា របាំងស្បៃមុងនៅតំបន់នេះកើតមានជាយូរជាណាស់ហើយ ពុំដែលឃើញសមត្ថកិច្ចមកបង្ក្រាបម្ដង ណាទេ។ ការប្រព្រឹត្តបទល្មើសដោយការដាក់របាំងស្បៃមុង នៅតំបន់នេះ ស្ទើរក្លាយទៅជាប្រពៃណីជារៀងរាល់ឆ្នាំទៅហើយដែរ។
យ៉ាងនេះក្តី លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ខែធ្នូនេះបានបញ្ជាក់តាមទូរស័ព្ទថា ក្រោយពីទទួលនៅព័ត៌មានខាងលើនេះ នៅព្រឹកនេះកំពុងតែរៀបចំ ប្រជុំដាក់ផែនការចុះបង្ក្រាប។ ហើយការបង្ក្រាបនិងចាប់ផ្ដើមនៅរសៀលថ្ងៃទី១៣ខែធ្នូនេះ ។
គេរង់ចាំមើលថាតើការបង្ក្រាបរបស់មន្ត្រីជំនាញក៏ដូចជាសមត្ថកិច្ចចម្រុះ ធ្វើបានកម្រិតណា គ្រាដែលបទល្មើសកើតឡើងច្រើនបែបនេះ៕
ដោយ៖ សូរិយា