ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលី ៖ មានការបាញ់ប្រហារបណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ ក្នុងនោះមានប៉ូលិស២នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ៦នាក់ស្លាប់ ក្នុងនោះមានកម្លាំងប៉ូលិស២នាក់ផងដែរដែលកំពុងតែបំពេញការងារនៅក្នុងផ្ទះមួយស្ថិតនៅតំបន់ជនបទនៃប្រទេសអូស្ត្រាលី។ ហេតុការណ៍ខាងលើកើតឡើងក្នុងពេលដែលកម្លាំងប៉ូលិសទៅស្រាវជ្រាវពីករណី ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងបាត់ខ្លួនមនុស្សម្នាក់។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២នេះបានផ្សាយថា អាជ្ញាធរនៅក្នុងប្រទេសអូស្រ្តាលី នៅថ្ងៃអង្គារនេះបាននិយាយថា ករណីបាញ់ប្រហារបណ្តាលឱ្យមានអ្នកស្លាប់នៅក្នុង នៅឯតំបន់ជនបទមួយនៃរដ្ឋ Queensland បន្ទាប់ពីប៉ូលិសធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ដើម្បីស៊ើបអង្កេតពីសេចក្ដីរាយការណ៍ថាមានមនុស្សម្នាក់បានបាត់ខ្លួន។
បើតាមព័ត៌មានបឋម មន្ត្រីប៉ូលិសរងការបាញ់ប្រហារពីជនដៃដល់ ២នាក់កាលពីល្ងាចថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅពេលដើរចូលតម្រង់ទៅរកផ្ទះមួយក្នុងតំបន់វៀមប៊ីយ៉ា (Wieambilla) ស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រពីភាគពាយព្យនៃទីក្រុងប្រ៊ីសបែន (Brisbane) នៃរដ្ឋឃ្វីនស្លែន (Queensland)។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បានចាត់ទុកថាហេតុការណ៍ខាងលើជារឿងដ៏រន្ធត់ និងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសាច់ញាតិជនរងគ្រោះដែលបានបាត់បង់ជីវិត។ ប៉ុន្តែ មិនទាន់មានព័ត៌មានលម្អិតអ្វីបន្ថែមនោះទេ ខណៈដែលការស៊ើបអង្កេតមួយកំពុងធ្វើឡើង៕ ដោយ៖ធីរីណា

រូបថត៖ AP


ចែករំលែក៖