ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល ១១ ខែនេះទំហំ​ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េមានទឹកប្រាក់ជាង​ ៧១១ លានដុល្លារ​កើនឡើង១,២៩%

ចែករំលែក៖

ភ្នំពេញ៖ របាយការណ៍ក្រសួងពាណិជ្ជកម្មបានអោយដឹងថា បន្ទាប់ពីបញ្ហាជំងឺកូវីដ១៩ហាក់ដូចជាបានស្រាកស្រានមកនោះ ស្ថានភាពសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាបានងើបឡើងវិញគួរឲ្យកត់សំគាល់។ក្នុងនោះទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងកូរ៉េក៏បានកើនឡើង១,២៩ភាគរយផងដែរនៅក្នុងរយៈពេល ១៩ ខែនៅឆ្នាំ២០២២នេះ។

បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-កូរ៉េ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២ បានកើនឡើង ១,២៩ ភាគរយបើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១។ ​ទិន្នន័យ​បន្តបង្ហាញ ថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ពាណិជ្ជ កម្ម​ទ្វេភាគី​រវាង​កម្ពុជា-កូរ៉េ មាន​ទឹកប្រាក់​សរុប ៧១១ លានដុល្លារ កើនឡើង ១,២៩ ភាគរយ ពីចំនួន ៧០១ លានដុល្លារ​ក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២១។​

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ​ការនាំ​ចេញពី​កម្ពុជាទៅកូរ៉េ​មាន​ទឹកប្រាក់ជាង ២០៧ លានដុល្លារកើនឡើង ២០,២៦ ភាគរយពីចំនួន ១៧២ លានដុល្លារ និង​ការនាំ​ចូល​ពី​ប្រទេស​កូរ៉េ មាន​ទឹកប្រាក់ ៥០៣ លានដុល្លារ ធ្លាក់ចុះ ៤,៨៧ ភាគរយពីចំនួន ៥២៩ លានដុល្លារ។

ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​កាន់​កូរ៉េខាងត្បូង រួមមាន​សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត កង់ ផលិតផលធ្វើពីឈើ និង​ផលិតផល​កសិកម្ម ហើយ​កម្ពុជា​នាំចូល​មកវិញ​រួមមាន យានយន្ត គ្រឿង​អេឡិចត្រូនិក សម្ភារ​ផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និង​ផលិតផល​ប្លាស្ទិក។

​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ​ទើបបានចូលជាធរមាននៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២ រំពឹងថា នឹងជំរុញកំណើននៃការនាំចេញរវាងប្រទេសទាំងពីរ ​និងចូលរួមស្ដារ​សេដ្ឋកិច្ចឡើងវិញ ​បន្ទាប់ពីរងគ្រោះដោយ​សារតែ​វិបត្តិកូវីដ-១៩​​ និងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន។

លោកប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យក្រសួងពាណិជ្ជកម្មថ្លែង​ថា កិច្ច​ព្រម​ព្រៀងពាណិជ្ជ កម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ នឹង​ជំរុញការនាំចេញ​ទំនិញរបស់កម្ពុជា ព្រមទាំង​លើកគុណតម្លៃទំនិញរបស់​កម្ពុជានៅលើទីផ្សារអន្តរជាតិ​ទៅថ្ងៃខាងមុខនឹង​ផ្តល់ភាពងាយ​ស្រួលដល់កម្ពុជាក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសទៀត​ ខណៈកម្ពុជា កំពុងអភិវឌ្ឍខ្លួនជាប្រទេសផលិតទំនិញឧស្សាហកម្ម ដូចជាគ្រឿងបន្លាស់ និងគ្រឿងបង្គុំ សម្រាប់ផ្គត់​ផ្គង់ដល់រោងចក្រនៅលើសាកលលោក៕

ដោយ៖ សូរិយា


ចែករំលែក៖