ខេត្តស្វាយរៀង ៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅមិនអាចជួយអន្តរាគមន៏បាញ់ទឹកពន្លត់ទាន់ពេលបណ្ដាលឱ្យម្ចាស់ផ្ទះស្រែកទ្រហោរយំគួរឱ្យអាសូរពន់ពេកខណៈទើបតែខ្ចីលុយធនាគារបាន៦លានរៀលនិងទ្រព្យសម្បត្តិមួយចំនួនទៀតឆេះម៉ត់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ស្ថិតនៅភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ វ៉ា វង់ អាយុ២៧ឆ្នាំ និងប្រពន្ធឈ្មោះឯក សាវី អាយុ ២៦ឆ្នាំ រស់នៅភូមិត្រពាំងពិការ ឃុំអំពិលស្រុករមាសហែក។
ចំណែកផ្ទះរងការឆេះគ្មានសល់មានទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រ ឈើប្រក់ស័ង្កសីនិងខូចខាតទ្រព្យសម្បត្តិរួមមានប្រាក់ទើបខ្ចីពីធនាគារ៦លានរៀល,មាស៣ជីកន្លះ,ប្រាក់ទើបលក់ស្រូវបាន១,២៥០,០០០រៀល,ស្រូវ២០បាវសំលៀកបំពាក់ឆេះទាំងអស់ សរុប ៧,២៥០,០០០រៀល។
តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុគេឃើញផ្សែងឆេះចេញពីគំនរចំបើងហើយរាលដាលដល់ផ្ទះដែលនៅក្បែរបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះអន្តរាគមន៏ជួយដងទឹកជះនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានយករថយន្តទឹកជួយបាញ់ប៉ុន្តែដោយភ្លើងឆេះពេញក្រមុំទៅហើយមិនអាចគ្រប់គ្រងស្ថានការណ៍បានបណ្ដាលឱ្យឆេះផ្ទះអស់ទាំងស្រុងគួរឱ្យរន្ធត់ ៕
ដោយ៖ សុថាន