ភ្នំពេញ ៖ សារព័ត៌មានដើរតួនាទីសំខាន់ណាស់ដើម្បីជួយជំរុញលទ្ធិប្រជាធិបតេយ្យ និងការកើនឡើងនៃការយល់ដឹងរបស់ប្រទេសជាតិតាមរយៈការបញ្ជូនសារឲ្យប្រជាពលរដ្ឋបានដឹង បានថ្លឹងថ្លែង បានគិតគូរ និងសម្រេចចិត្ត។ ជាងនេះទៅទៀត សារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការវិភាគលើស្ថានភាពនយោបាយ ផ្លាស់ប្តូរផ្នត់គំនិត ការលើកកម្ពស់វិបុលភាពនៃសង្គមសេដ្ឋកិច្ច រក្សាសុខដុមនីយកម្មសង្គមជាតិ ក៏ដូចជាជំរុញលទ្ធិប្រជាធិបតេយ្យដែលស្របតាមបរិបទនៃសង្គមនិមួយៗ។ ពិតណាស់ថាព័ត៌មានដែលលឿន រហ័សពិតណាស់សំខាន់ តែត្រូវប្រាកដថាព័ត៌មានទាំងនោះមិនប៉ះពាល់សន្តិសុខជាតិ ឬ បូរណភាពទឹកដី។ នេះជាថ្លែង របស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។
លោក ហ៊ុន ម៉ានី បានរំលឹកថា, កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ខ្ញុំមានឱកាសបានចូលរួមក្នុងសិក្ខាសាលាបច្ចេកទេសលើការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ហើយបានស្តាប់បទបង្ហាញ និងការជជែកវែកញែកពីសំណាក់វាគ្មិនដែលមានទាំងបទពិសោធន៍ និងចំណេះដឹងទាំងក្នុងប្រទេស និងប្រចាំតំបន់។ អ្វីដែលខ្ញុំបានកត់សម្គាល់នោះគឺ វិស័យផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈជាវិស័យជំនាញមួយ ដែលទាមទារវិជ្ជាជីវៈខ្ពស់ក្នុងការអនុវត្តការងារនេះ ហើយដោយមានការប្រយ័ត្នប្រយែងខ្ពស់បំផុតទាំងការងារបច្ចេកទេស និងខ្លឹមសារច្បាស់លាស់ ហើយដែលស្របជាមួយបរិបទនៃដំណើរវិវឌ្ឍរបស់សង្គម រួមទាំងការលើកស្ទួយ កិត្តិយស ក៏ដូចជាកិត្យានុភាពរបស់ប្រទេសជាតិ។ ផ្សារភ្ជាប់ជាមួយសារៈសំខាន់នៃវិជ្ជាជីវៈនេះ ខ្ញុំចង់ឃើញនិស្សិតសារព័ត៌មានក្លាយជាអ្នកដឹកនាំប្រទេសកម្ពុជានៅថ្ងៃអនាគតផងដែរ។
លោកថ្លែងបន្តថា, សិក្ខាសាលាបច្ចេកទេស លើការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ក្រោមប្រធានបទ «ការបង្កើតសារ បញ្ជូនសារ និងឥទ្ធិពលនៃ (សារ)ព័ត៌មានលើសង្គមយុវជន» នេះ ពិតជាមានសារៈសំខាន់ ជាពិសេសក្នុងបរិបទនៃសង្គមឌីជីថលក្នុងពេលបច្ចុប្បន្ន ហើយខ្ញុំសូមលើកទឹកចិត្តឲ្យមានការរៀបចំកម្មវិធីបែបនេះ ជាពិសេសការគិតគូរលើប្រធានបទដែលគួរឲ្យចាប់អារម្មណ៍ និងមានសារៈសំខាន់បែបនេះនៅពេលខាងមុខជាបន្តបន្ទាប់ទៀត។ #UYFC #MediaPRSymposium ៕
ដោយ ៖ សិលា