ខេត្តបាត់ដំបង ៖ មនុស្សចំនួន ០៣នាក់ ពាក់ព័ន្ធករណីរក្សាទុក ចែកចាយនិងប្រើប្រាស់គ្រឿងញៀន នៅស្រុកបាណន់ ត្រូវបានកម្លាំងនគរបាលស្រុក ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបនិងឃាត់ខ្លួនក្នុងបទល្មេីសជាក់ស្តែង យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
ជាក់ស្ដែងយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃពុធទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ កាលពីរសៀលថ្ងៃទី១៣ ធ្នូម្សិលមិញនេះ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះប្រតិបត្តិការបង្រ្កាប ករណីរក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១.ឈ្មោះ មឿន សាន់ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង (អ្នករក្សាទុកគ្រឿង ញៀន) ២.ឈ្មោះ ញឹម រដ្ឋា ហៅង៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង (អ្នករក្សាទុកគ្រឿងញៀន) និង៣.ឈ្មោះ អ៊ឹង ភារម្យ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង (អ្នកប្រើប្រាស់គ្រឿងញៀន)។
ជាលទ្ធផលវត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង,ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់មួយចំនួន,សម្ភារពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន,ម៉ូតូចំនួន ០១គ្រឿង,ទូរស័ព្ទដៃចំនួន ០២គ្រឿង ។
បច្ចុប្បន្ន ជនសង័្សយទាំងបីនាក់ រួមនិងវត្ថុតាងកម្លាំងនគរបាលស្រុកបាណន់ កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តនីតិវិធី-ច្បាប់៕
ដោយ៖អារុណរះ