ព័ត៌មានទាន់ហេតុការណ៍៖

បារាំង និងម៉ារ៉ុកស្វែងរកកំណត់ត្រាដូចគ្នាក្នុងជំនួបនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2022 រាត្រីនេះ

ចែករំលែក៖

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានរកឃើញមួយក្រុមហើយដែលកំពុងរង់ចាំទៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត World Cup 2022 នៅប្រទេសកាតា នោះគឺក្រុមជម្រើសជាតិអាហ្សង់ទីនដែលបានយកឈ្នះក្រូអាតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូនេះ។ ចំណែកការប្រកួតនៅរាត្រីនេះវិញគឺក្រុមជម្រើសជាតិមាន់គកបារាំងត្រូវប៉ះជាមួយក្រុមជម្រើសជាតិម៉ារ៉ុកនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូនេះ។ក្នុងជំនួបនេះក្រុមជម្រើសជាតិទាំងពីរសុទ្ធតែចង់បង្កើតកំណត់ត្រារៀងៗខ្លួន ដោយក្រុមជម្រើសជាតិបារាំងចង់បំបែកកំណត់ត្រាដែលក្លាយជាក្រុមនៅអឺរ៉ុបដំបូងគេដែលបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ២ដងជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ World Cup។ រីឯម៉ារ៉ុកគឺជាក្រុមឡើងជើងខ្លាំងដែលជាប្រវត្តិសាស្ត្ររបស់ប្រទេសនេះបានឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង ហើយចង់បានកំណត់ត្រាល្អបំផុតរបស់ខ្លួនក្នុងការឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រផងដែរសម្រាប់ក្រុមដំបូងគេមកពីតំបន់អាហ្វ្រិកក្នុងឆ្នាំនេះ។

ក្រុមជម្រើសជាតិបារាំងធ្លាប់បង្ហាញខ្លួននៅ World Cup ចំនួន១៦ដងរួមទាំងពេលនេះ ចាប់តាំងពីឆ្នាំ១៩៣០, ឈ្នះពាន២ដង (១៩៩៨​, ២០១៨), ជាប់ចំណាត់ថ្នាក់លេខ២ម្តង (២០០៦), ជាប់ចំណាត់ថ្នាក់លេខ៣ចំនួន២ដង (១៩៥៨, ១៩៨៦), ជាប់ចំណាត់ថ្នាក់លេខ៤ម្តង (១៩៨២)។ ក្រៅពី World Cup បារាំងធ្លាប់គ្រងជើងឯកយូរ៉ូ២ដង (១៩៨៤, ២០០០), គ្រងជើងឯក Nation League ម្តង (២០២១), គ្រងជើងឯក CONMEBOL-UEFA Cup of Champions ម្តង (១៩៨៥) និងគ្រងជើងឯក FIFA Confederation Cup ២ដង (២០០១, ២០០៣)។

បារាំងក្នុងវគ្គចែកពូល World Cup 2022 ធ្វើបានល្អដោយឈ្នះ២ និងចាញ់ម្តង ក្នុងនោះឈ្នះអូស្ត្រាលី៤ទល់១, ឈ្នះដាណឺម៉ាក២ទល់១ និងចាញ់ទុយនេស៊ី១ទល់០។ ចូលដល់វគ្គ១៦ក្រុម បារាំងបានឈ្នះក្រុមប៉ូឡូញក្នុងលទ្ធផល៣ទល់១ និងបន្តឈ្នះក្រុមតោកំណាចអង់គ្លេស២ទល់១ ក្នុងវគ្គ៨ក្រុមចុងក្រោយផងដែរ។

ចំណែកក្រុមជម្រើសជាតិម៉ារ៉ុកធ្លាប់បង្ហាញខ្លួននៅ World Cup ចំនួន៦ដងរួមទាំងពេលនេះ ចាប់តាំងពីឆ្នាំ១៩៧០ ដោយធ្លាប់ឡើងដល់វគ្គ១៦ក្រុមចុងក្រោយបានម្តងគត់កាលពីឆ្នាំ១៩៨៦។ ក្រៅពី World Cup ម៉ារ៉ុកធ្លាប់គ្រងជើងឯកពានរង្វាន់ Africa Cup of Nations បានម្តងកាលពី១៩៧៦, ឈ្នះពានរង្វាន់ Arab Cup ម្តង (២០១២) និងធ្លាប់ឈ្នះពានរង្វាន់ African Nations Championship ២ដងកាលពី២០១៨ និង២០២០។

ក្រុមម៉ារ៉ុកក្នុងវគ្គចែកពូល World Cup 2022 ក៏ធ្វើបានល្អដែរដោយឈ្នះ២ និងស្មើ១ ក្នុងនោះស្មើជាមួយក្រូអាត០ទល់, ឈ្នះបែលហ្ស៊ិក២ទល់ និងឈ្នះកាណាដា២ទល់។ ចូលដល់វគ្គ១៦ក្រុម ម៉ារ៉ុកបានឈ្នះក្រុមខ្លាំងអេស្ប៉ាញដោយបាល់កាត់សេចក្តីប៉េណាល់ទីក្នុងលទ្ធផល៣ទល់០បន្ទាប់ពីប្រកួតស្មើគ្នា០ទល់០ និងបន្តឈ្នះក្រុមខ្លាំងបញ្ចខែលព័រទុយហ្គាល់១ទល់០ ក្នុងវគ្គ៨ក្រុមចុងក្រោយផងដែរ។

ការប៉ះគ្នា៤លើករវាងក្រុមបារាំងនឹងម៉ារ៉ុកគឺស្ថិតក្នុងជំនួបមិត្តភាពអន្តរជាតិទាំងអស់ ដោយលើកទី១ ស្មើគ្នា២ទល់២ ក្នុងទឹកដីម៉ារ៉ុក ប៉ុន្តែប៉េណាល់ទីម៉ារ៉ុកឈ្នះ, លើកទី២ បារាំងឈ្នះ១ទល់០ ក្នុងទឹកដីបារាំង, លើកទី៣ បារាំងឈ្នះ៣ទល់១ ក្នុងទឹកដីម៉ារ៉ុក និងលើកចុងក្រោយកាលពីឆ្នាំ២០០៧ ស្មើគ្នា២ទល់២ ក្នុងទឹកដីបារាំង។

យោងតាមទិន្នន័យ និងលទ្ធផលនៃការជួបគ្នាកន្លងមកបារាំងហាក់ដូចជាមានប្រៀបជាងម៉ារ៉ុក ដោយមានឈ្នះគ្រាប់បាល់ទាំងក្នុង និងក្រៅទឹកដី។ ចំណែកធនធានកីឡាកររបស់បារាំងក៏សម្បូរបែបដែលជាក្រុមមានអាទិភាពខ្ពស់ក្នុងព្រឹត្តិការណ៍ពិភពលោកមួយនេះ រីឯម៉ារ៉ុកក៏មិនអន់ដែរ ដោយរដូវកាល World Cup ឆ្នាំនេះគឺធ្វើបានល្អបំផុតដែលបំបាក់សុទ្ធតែក្រុមខ្លាំងតាំងពីវគ្គចែកពូលរហូតដល់វគ្គ៨ក្រុម ៕

ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)


ចែករំលែក៖