ខ្សែប្រយុទ្ធ Lionel Messi បានបញ្ជាក់ថា គាត់នឹងលេងការប្រកួត World Cup ជាលើកចុងក្រោយរបស់ខ្លួននៅពេលដែលអាហ្សង់ទីនប៉ះបារាំងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យ ទី១៨ ធ្នូនេះនៅប្រទេសកាតា។
Messi បានដឹកនាំអាហ្សង់ទីនឈ្នះ ៣–០ លើក្រូអាតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេកាលពីរំលងអធ្រាត្រឈានចូលថ្ងៃពុធទី១៤ធ្នូ ហើយនឹងរកបានគ្រាប់បាល់ទី១៧២របស់គាត់នៅចុងសប្តាហ៍ នៅពេលដែលគាត់ព្យាយាមនាំប្រទេសនេះឱ្យឈ្នះពានរង្វាន់ World Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨៦។
Messi បានប្រាប់សារព័ត៌មានអាហ្សង់ទីន Diario Deportivo Ole ថា “ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដែលអាចសម្រេចបាននៅពេលនេះ ដើម្បីបញ្ចប់ដំណើរនៃការប្រកួត World Cup របស់ខ្ញុំដោយការលេងការប្រកួតចុងក្រោយរបស់ខ្ញុំនៅក្នុងវគ្គផ្តាច់ព្រ័ត្រ។ វាជាច្រើនឆ្នាំសម្រាប់ការប្រកួតបន្ទាប់ ហើយខ្ញុំមិនគិតថាខ្ញុំនឹងអាចធ្វើវាបានទេ ហើយដើម្បីបញ្ចប់បែបនេះវាជារឿងល្អបំផុត”។
កីឡាករវ័យ៣៥ឆ្នាំរូបនេះកំពុងលេងនៅ World Cup ជាលើកទី៥របស់គាត់ដោយវ៉ាដាច់កីឡាករ Diego Maradona និង Javier Mascherano។ជាមួយនឹងគ្រាប់បាល់ទី៥របស់គាត់នៅកាតាឆ្នាំនេះ គាត់ក៏បានវ៉ាដាច់អតីតកីឡាករ Gabriel Batistuta ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ World Cup ដោយរកបាន១១គ្រាប់។
Messi បានបន្ថែមថា “យើងធ្វើបានល្អ និងល្អទាំងកំណត់ត្រា ប៉ុន្តែអ្វីដែលសំខាន់គឺការអាចសម្រេចបាននូវគោលបំណងរបស់ក្រុម ដែលជារឿងដ៏ស្រស់ស្អាតបំផុត។ យើងនៅឆ្ងាយមួយជំហានទៀត បន្ទាប់ពីប្រយុទ្ធយ៉ាងខ្លាំង ហើយយើងនឹងលះបង់គ្រប់យ៉ាងដើម្បីព្យាយាមធ្វើឲ្យវាកើតឡើងលើកនេះ”។
ជ័យជម្នះកាលពីរាត្រីថ្ងៃអង្គារឈានចូលថ្ងៃពុធ បានជំរុញឱ្យអ្នកគាំទ្ររាប់ពាន់នាក់ដើរតាមដងផ្លូវក្នុងប្រទេសអាហ្សង់ទីនដើម្បីអបអរសាទរការបង្ហាញខ្លួនចុងក្រោយនៃការប្រកួតបាល់ទាត់ពិភពលោកលើកទី៦របស់ក្រុមជម្រើសជាតិមួយនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ AFP/CNA)