ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី១៥ ខែធ្នូ ឆ្នាំ២០២២នេះថា៖ ក្នុងបេសសកម្មការពារផលប្រយោជន៍ និងសុខភាពរបស់អ្នកប្រើប្រាស់ មន្ត្រីអធិការកិច្ចម្ហូបអាហារសាខា ក.ប.ប. ខេត្តព្រៃវែង កំពង់ស្ពឺ កោះកុង ស្ទឹងត្រែង កណ្តាល ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដកហូតទំនិញខូចគុណភាពប្រមាណ ៨៥០គីឡូក្រាមពីទីផ្សារ។
ប្រភពដដែលបន្តថា ជាក់ស្ដែងចាប់ពីថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ ស្ថិតក្នុងភូមិសាស្ត្រនៃរាជធានី ខេត្តខាងលើ មន្ត្រីជំនាញ ក.ប.ប. អនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដោយធ្វើការចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទីផ្សារ និងដេប៉ូចែកចាយទំនិញនានា។
ក្នុងបេសកកម្មនេះ មន្ត្រីយើងយកសំណាកគំរូទំនិញហូបចុករួមមាន សាច់ ពោះគោ មី និងបន្លែផ្លែឈើសរុបចំនួន ១៧គំរូ មកវិភាគរកសារធាតុគីមីហាមឃាត់ផ្សេងៗ ដែលជាលទ្ធផល ពុំបានរកឃើញមានការលាយសារធាតុគីមីក្នុងទំនិញហូបចុកទាំងនោះទេ ដោយឡែកបានរកឃើញ និងដកហូតទំនិញចម្រុះខូចគុណភាព និងមិនមានអនុលោមភាពតាមច្បាប់ សរុបប្រមាណ ៨៤៦.២គីឡូក្រាម។
គួរបញ្ជាក់ដែរថា ក្នុងប្រតិបត្តិការនោះម្ចាស់ទំនិញទាំងនោះត្រូវបានទទួលខុសត្រូវចំពោះមន្ត្រីមានសមត្ថកិច្ចផងដែរ៕
ដោយ៖សហការី