ការរអិលបាក់ដីបានកើតឡើងនៅទីតាំងបោះជំរំក្នុងប្រទេសម៉ាឡេស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏២នាក់ដែរ ក្នុងនោះមានកុមារម្នាក់ និងមនុស្សចំនួន៥១នាក់កំពុងបាត់ខ្លួននៅឡើយ។
ទីភ្នាក់ងារសារព័ត៌មាន Bernama របស់ប្រទេសម៉ាឡេស៊ីបានដកស្រង់ព័ត៌មានពីនាយកដ្ឋានពន្លត់អគ្គិភ័យរបស់ប្រទេសដែលបាននិយាយថា មនុស្សពីរនាក់បានស្លាប់និង៥១នាក់ទៀតកំពុងបាត់ខ្លួនបន្ទាប់ពីការរអិលបាក់ដីបានវាយប្រហារកន្លែងបោះជំរំក្នុងរដ្ឋ Selangor កាលពីព្រឹកព្រលឹមថ្ងៃទី ១៦ ខែធ្នូ។
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា គ្រោះរអិលបាក់ដីខាងលើបានកើតឡើងនៅក្នុងរដ្ឋ សេឡាន់ហ្គ័រ (Selangor) ស្ថិតនៅជាយទីក្រុងគូឡាឡាំពួរ នៅវេលាម៉ោងប្រហែល ៣រំលងអធ្រាត្រទៀបភ្លឺថ្ងៃនេះ។ បើតាមអាជ្ញាធរម៉ាឡេស៊ី មនុស្ស ៧៩នាក់បានជាប់នៅក្រោមគំនរដីបាក់ និង២៣នាក់ត្រូវបានរកឃើញដោយសុវត្ថិភាព រីឯមនុស្ស២នាក់បានស្លាប់ និង៥១នាក់ទៀតនៅតែបន្តបាត់ខ្លួននៅឡើយ។
រដ្ឋសេឡាន់ហ្គ័រ (Selangor) របស់ម៉ាឡេស៊ីក៏ធ្លាប់រងគ្រោះដោយសារគ្រោះរអិលបាក់ដីនាពេលកន្លងមដែរ ហើយរដ្ឋមួយនេះទៀតសោតកំពុងស្ថិតនៅក្នុង រដូវភ្លៀង ប៉ុន្តែមិនទាន់មានភ្លៀងធ្លាក់ខ្លាំង ឬគ្រោះរញ្ជួយដីត្រូវបានរាយការណ៍នៅពេលមានគ្រោះរអិលបាក់ដីកើតឡើងនោះទេ៕ ដោយ៖ ធីរីណា
រូបថត ៖ Twitter