ព័ត៌មានទាន់ហេតុការណ៍៖

តាមរយៈ facebookលោកបណ្ឌិត ហ៊ុន ម៉ាណែត ថា បុគ្គលសម រង្ស៊ីជាមនុស្សគ្មានសេចក្តីខ្មាស់អៀន

ចែករំលែក៖

ភ្នំពេញ៖ តាមរយៈគេហទំព័រហ្វេសប៊ុក លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ បានថ្លែងសំដៅទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ថាជាជនមិនមានភាពខ្មាសអៀន បន្ទាប់ពីទណ្ឌិតរត់​ចោលស្រុករូបនេះ បានសរសេរលើហ្វេសប៊ុករបស់ខ្លួន រិះគន់​សម្តេចតេជោ ពាក់ព័ន្ធករណីក្លែងបន្លំ​តួនាទីជាប្រធានអាស៊ាន។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា«ក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ ខ្ញុំមិននឹក​ស្មានថា​លោក សម រង្សី គ្មានភាពខ្មាស់អៀនដល់ថ្នាក់នេះ!!! ដែលហ៊ានចេញសារលើបណ្តាញសង្គម​របស់​ខ្លួនជាភាសាខ្មែរផង ជាភាសា អង់គ្លេសផង រិះគន់សម្តេចតេជោ ពាក់ព័ន្ធករណីក្លែង​បន្លំ​តួនាទី​ជា​ប្រធានអាស៊ាន ដែលខ្លួនគាត់ (សម រង្សី) មិនទាំងយល់ច្បាស់អំពី​អាណត្តិ​របស់​ប្រធាន​អាស៊ានផង»។

លោកបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងទៀតថា សាររបស់លោក សម រង្សី គឺស្មើ​នឹងគាត់រិះគន់​ប្រធានាធិបតី​បារាំង ​ក៏ដូចជាថ្នាក់ដឹកនាំសហភាពអឺរ៉ុប​ និងប្រមុខរដ្ឋអាស៊ានដ៏ទៃទៀត ថាពួកគេមិន​យល់ច្បាស់​អំពីអាណត្តិរបស់ប្រធានអាស៊ាន ព្រោះពួកគេបានទទួលស្គាល់នូវតួនាទី​ជាប្រធាន​អាស៊ានរបស់សម្តេចតេជោ ទាំងក្នុងជំនួបជាមួយប្រធានាធិបតីបារាំង (ថ្ងៃទី ១៣ ធ្នូ ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង) និងកិច្ចប្រជុំកំពូលរំលឹកខួប​អនុស្សាវរីយ៍​អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៤៥ឆ្នាំ ​នៃ​ទំនាក់ទំនង​ដៃគូសន្ទនា​អាស៊ាន-សហភាពអឺរ៉ុប (ថ្ងៃទី១៤ ធ្នូ ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៉ិក)។

តាមរយៈហ្វេសបុ៊កនេះដែរ លោក ហ៊ុន ម៉ាណែត ក៏បាន​ចំអក​ឲ្យ​ទណ្ឌិតក្បត់ជាតិបីជំនាន់នេះ ផងដែរដោយលោកបានបញ្ជាក់បន្ថែមថា«និយាយអោយខ្លី គឺលោក សម រង្សី ចង់បង្ហាញថា​មាន​តែគាត់ទេដែល​ឆ្លាតវៃ​ជាងគេ ហើយយល់អំពី​អាណត្តិ​របស់​ប្រធានអាស៊ានច្បាស់​ជាង​ប្រធានាធិបតី​បារាំង ថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងថ្នាក់ដឹកនាំអាស៊ាន។ ​ខ្ញុំអានសាររបស់គាត់ច្រើនដង ហើយនៅ​តែ​ហួសចិត្តដែលគាត់អាច​សរសេរ​សារបែបនេះទៅរួច ព្រមទាំងបង្ហោះសារជា​សាធារណៈជា​ភាសាខ្មែរ ​និងភាសាអង់គ្លេសឱ្យបរទេសអាចអានទៀត»៕

ដោយ៖ សូរិយា


ចែករំលែក៖