ការធ្វើបាតុកម្មនៅក្នុងប្រទេសប៉េរូបានបន្តផ្ទុះឡើងម្តងទៀតដោយបង្ខំឱ្យបិទព្រលានយន្តហោះចំនួន៥ របស់ប្រទេសនេះ។ អំពើហិង្សាក៏បានបណ្តាលឱ្យមនុស្សយ៉ាងតិច ១៦នាក់ស្លាប់ផងដែរ បន្ទាប់ពីការផ្តួលរំលំ និងចាប់ខ្លួនអតីតប្រធានាធិបតី Pedro Castillo។
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងកងកម្លាំងសន្តិសុខ នឹងក្រុមបាតុករនៅទីក្រុង Ayacucho ដែលបានបណ្តាលឱ្យមនុស្ស៨នាក់ស្លាប់ បន្ទាប់ពីក្រុមប្រឹក្សាតុលាការកំពូលបានបញ្ជាឱ្យកាត់ទោសជាប់ពន្ធនាគាររយៈពេល ១៨ ខែសម្រាប់អតីតប្រធានាធិបតី Castillo លើការចោទប្រកាន់ពីបទសមគំនិតបង្កឱ្យមានភាពចលាចល ។
ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យប្រធានាធិបតីថ្មី Dina Boluarte លាលែងពីតំណែង រំលាយរដ្ឋសភា និងជ្រើសរើសក្រុមប្រឹក្សាធម្មនុញ្ញថ្មី។ លោកស្រី Boluarte បានជំនួសតំណែងលោកCastillo ប៉ុន្មានម៉ោងបន្ទាប់ពីគាត់ត្រូវបានដកចេញពីតំណែងដោយរដ្ឋសភា។ ទន្ទឹមនឹងនេះ អតីតប្រធានាធិបតី Castillo ទទូចថាលោកមិនមានកំហុសអ្វីទេ ហើយនិយាយថា គាត់នៅតែជាប្រធានាធិបតីស្របច្បាប់របស់ប្រទេស។
នៅ Ayacucho ក្រុមអ្នកតវ៉ាបានដុតបំផ្លាញការិយាល័យរដ្ឋអាជ្ញា និងតុលាការក្នុងតំបន់ ហើយកងកម្លាំងសន្តិសុខបានប្រើអាវុធដើម្បីតទល់ការវាយប្រហារលើអាកាសយានដ្ឋាននិងកន្លែងផ្សេងទៀត។
រដ្ឋាភិបាលរបស់លោក Boluarte បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីថ្ងៃពុធ ដោយផ្តល់អំណាចពិសេសដល់ប៉ូលិស និងរឹតបន្តឹងសេរីភាព រួមទាំងសិទ្ធិក្នុងការប្រមូលផ្តុំ ប៉ុន្តែការសម្រេចចិត្តនេះមិនបានដំណើរការក្នុងពេលកន្លងមក ដើម្បីទប់ស្កាត់ការធ្វើបាតុកម្ម ៕
ដោយ៖ ធីរីណា(រូបថត ៖ Getty)