ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថបញ្ជូនជនសង្ស័យ ជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យ​ហើយ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ​​ ឆ្នាំ​២០២២​។

 សមត្ថកិច្ចប្រាប់ថា កាលពីវេលាម៉ោង២០និង១១នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ឃាត់ខ្លួនជនសង្ស័យ ជនជាតិថៃម្នាក់ ពាក់ព័ន្ធករណី លួចទូរស័ព្ទ ដែលប្រព្រឹត្តកាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចកាស៊ីណូ១៨ជាន់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។សមត្ថកិច្ចបន្តថាៈ ដោយយោងតាមដើមបណ្តឹង ឈ្មោះ​ ផា លាងហ៊ី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

 បញ្ហាខាងលើនេះលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានឱ្យដឹងថា​ ជនសង្ស័យ​ឈ្មោះ​ ភិទិ ឌីសាបាយ (ហៅបែង)​ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកបន្តថា​ កាលនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ មានករណីលួចទូរស័ព្ទ​ នៅចំណុចកាស៊ីណូ១៨ជាន់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  បង្កឡើងដោយជនសង្ស័យឈ្មោះ ភិទិ ឌីសាបាយ បានធ្វើសកម្មភាពលួចយកទូរស័ព្ទចំនួន០៥គ្រឿង (ម៉ាកវីវ៉ូ ចំនួន០២គ្រឿង និងទូរស័ព្ទម៉ាក រៀលមី ចំនួន០៣គ្រឿង)​ របស់ជនរងគ្រោះ។ 

ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យខាងលើព្រមទាំងចាប់យកវត្ថុតាងយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត។ 

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​បានសារ​ភាពថា​ រូបខ្លួនពិតជាបានធ្វេីសកម្មភាពលួចទូរស័ព្ទ៥គ្រឿង​ពិតប្រាកដមែន​ ដោយខ្លួនបានយកទូរស័ព្ទចំនួន០៤គ្រឿងទៅលក់ នៅសល់ទូរស័ព្ទមួយគ្រឿង។ បន្ទាប់ពីសួរនាំរួចកម្លាំងមូលដ្ឋាកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ​ផងដែរ ។ 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​បញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យ​ហើយដើម្បីចាត់ការតាមផ្លូវច្បាប់  ដោយឡែកទូរស័ព្ទមួយគ្រឿងត្រូវបានប្រគល់ជូនម្ចាស់ដេីមវិញ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖