ព័ត៌មានទាន់ហេតុការណ៍៖

អរគុណសន្តិភាព!សមិទ្ធផលថ្មី ផ្លូវចាក់គ្រួសក្រហម ៧.៣៦០ម៉ែត្រ លូ៣កន្លែង ស្ថិតនៅ ភូមិត្រស់ តាសួស និងភូមិពពូល ត្រូវបើកការដ្ឋាន និងបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ៣ភូមិក្នុងឃុំត្រស់ ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្លូវចាក់គ្រួសក្រហម ៧៣៦០ម៉ែត្រ លូកាត់ផ្លូវ៣កន្លែង ក្នុងភូមិត្រស់ តាសួស និងភូមិពពូល ឃុំត្រស់ ក្នុងស្រុករមាសហែកដែលជាចំណងដៃ ឆ្លើយតបដល់ការបើកវេទិកាកន្លងមកជូនដល់លោកតា លោកយាយបងប្អូនប្រជាពលរដ្ឋ ត្រូវបានបើកការដ្ឋាន ស្ថាបនា ព្រមទាំងសមិទ្ធផល នានា ជាច្រើនតាមបណ្ដាភូមិឃុំ ទាំង១៦ឃុំក្រោមការដឹកនាំរបស់លោក ស៊ូ ម៉ុល ជាអភិបាលស្រុករមាសហែកនាពេលបច្ចប្បន្ននេះ។

ជាក់ស្ដែងនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ លោក ស៊ូ ម៉ុល អភិបាលស្រុក បានដឹកនាំក្រុមការងារក្រោមឱវាទ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋាន ផ្លូវចាក់គ្រួសក្រហម ៧៣៦០ម៉ែត្រ មានកំរាស់០.១៥ម៉ែត្រ ដាក់លូ៣កន្លែងដែលជាមូលនិធិគំរោងរបស់ឃុំក្នុងឆ្នាំ២០២២ ត្រូវបើកការដ្ឋាន និងបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋចំនួន៣ភូមិមានដូចជា ភូមិត្រស់ ភូមិតាសួស និងភូមិពពូល ស្ថិតក្នុងឃុំត្រស់ ស្រុករមាសហែកដោយមានអ្នកចូលរួមសរុប១៨០នាក់ស្រី១២៦នាក់។

លោក ស៊ូ ម៉ុល អភិបាលស្រុក បានថ្លែងថាក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់លោកស្រី ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាលចុះមូលដ្ឋានខេត្តស្វាយរៀង លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានធ្វើឱ្យខេត្តស្វាយរៀងក៏ដូចជាក្នុងស្រុករមាសហែកមានការរីកចម្រើនលើគ្រប់វិស័យ។

ក្នុងឱកាសនោះ លោក ស៊ូ ម៉ុល បានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់លោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្អូនប្រជាពលរដ្ឋ និងបានកសាងសមិទ្ធផលនានាជាច្រើននៅទូទាំងស្រុករមាសហែក។

លោក ស៊ូ ម៉ុល  ជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ក្នុងស្រុករមាសហែក បន្តការខិតខំអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៧ចំណុច ជូនបងប្អូនប្រជាពលរដ្ឋពិសេសបានធ្វើការផ្តាំផ្ញើរដល់មន្រ្តី មេឃុំ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិ  ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ ឲ្យបានទាន់ពេលវេលា ។​

លោកក៏បានណែនាំដល់បងប្អូនពលរដ្ឋថា ពេលបានផ្លូវល្អងាយស្រួលធ្វើដំណើរ សូមចូលរួមថែរក្សាទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនរបស់បុគ្គលណាម្នាក់ឡើយហើយចំពោះអ្នកម៉ៅការផ្លូវនេះសូមធ្វើឱ្យមានគុណភាពនិងត្រូវតាមលក្ខណៈបច្ចេកទេសពិសេសសូមឱ្យអ្នកប្រើប្រាស់ផ្លូវចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍។

បងប្អូនប្រជាពលរដ្ឋក្នុងស្រុករមាសហែកបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកដែលបានគិតគូរពីសុខទុក្ខលំបាករបស់ពួកគាត់ពិសេសលោកអភិបាលស្រុក ដ៏សកម្មការងារតែងតែចុះមកផ្ទាល់ដល់មូលដ្ឋានមិនគិតថ្ងៃឈប់សម្រាក តាមបណ្ដាភូមិ ឃុំដោយមិនប្រកាន់ខ្លួននិងនិន្នាការនយោបាយនោះទេ ដោយលោក ចង់ដឹងពី ទុក្ខលំបាកទុក្ខកង្វល់និងបញ្ហាសំណូមពរសំណើរផ្សេងៗរបស់ពួកគាត់ដែលបានកើតឡើងផងដែរ ៕

ដោយ ៖ សុថាន


ចែករំលែក៖