វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃទី១៧ខែធ្នូថា ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីនបានទៅកាន់ទីស្នាក់ការកណ្តាលនៃកងកម្លាំងទាំងអស់ដែលពាក់ព័ន្ធនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។
លោកប្រធានាធិបតី ពូទីន បានជួបប្រជុំជាមួយមេទ័ពកំពូលរបស់រុស្ស៊ី ស្តីពីសកម្មភាពរបស់ទីក្រុងមូស្គូ ក្នុងរយៈពេលខ្លី និងមធ្យម។ ទោះជាយ៉ាងណា សេចក្តីប្រកាសមិនបានបញ្ជាក់ច្បាស់ពីទីតាំងនៃកិច្ចប្រជុំនោះទេ។
ក្រោយជំនួបខាងលើ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ប្រមុខការពារជាតិរុស្ស៉ី លោក Sergei Shoigu បានចុះធ្វើអធិការកិច្ចកងកម្លាំងរបស់រុស្ស៉ី ដែលជាប់ពាក់ព័ន្ធក្នុងសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២។
ក្រសួងការពារជាតិរុស្ស៉ីបានប្រកាសពីដំណឹងខាងលើ តាមរយៈប្រព័ន្ធតេលេក្រាមថា លោក Shoigu បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ហោះហើរជុំវិញតំបន់ដែលកងទ័ពត្រូវបានដាក់ពង្រាយ និងបានត្រួតពិនិត្យទីតាំងជួរមុខរបស់កងកម្លាំងរុស្ស៉ី នៅក្នុងតំបន់នៃអ្វីដែលខ្លួននៅតែបន្តហៅថា «ប្រតិបត្តិការយោធាពិសេស»។ វាពុំច្បាស់ទេថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការពារជាតិរុស្ស៉ី កើតឡើងកាលពីពេលណា ឬក៏ថាតើ លោក Shoigu បានធ្វើដំណើរទៅដល់អ៊ុយក្រែនតែម្តងឬយ៉ាងណា។
ទីក្រុងមូស្គូហៅការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែនថាជា «ប្រតិបត្តិការយោធាពិសេស» ចាប់តាំងពីសង្រ្គាមផ្ទុះឡើងដំបូង ហើយមានគោលដៅ «រំសាយយោធា» និង «លុបបំបាត់គំនិតណាហ្ស៉ីនិយម» នៅក្នុងប្រទេសជិតខាងរបស់ខ្លួនមួយនេះ។ យ៉ាងណាមិញ ទីក្រុងកៀវនិងសម្ពន្ធមិត្តលោកខាងលិច ហៅទង្វើរបស់រុស្ស៉ីថាជាសកម្មភាពឈ្លានពានដើម្បីត្រួតត្រាទឹកដីសុទ្ធសាធ៕
ដោយ៖ ធីរីណា(រូបថត៖ Reuters )