ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការ ក្រោយបានទទួលព្រះរាជសារលិខិតព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវការអបអរសាទរ ព្រមទាំងប្រសិទ្ធពរបវរមហាប្រសើរជូនសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងក្រុមគ្រួសារ ក្នុងឱកាសទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក(KSI) ស្តីពី «ការបង្កើនទំនាក់ទំនងអាស៊ាន-ចិន»។

ក្នុងសារលិខិតថ្វាយព្រះមហាក្សត្រខ្មែរ, សម្តេចតេជោ បានសូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតសម្ដែងថ្វាយយ៉ាងឧឡារិកចំពោះជោគជ័យជាវិជ្ជមានដែលទទួលបាននេះ គឺជាកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាគ្រប់រូប នៅក្រោមម្លប់ជាតិ សាសនា ព្រះមហាក្សតពិសេសតេជះសម្ភារឫទ្ធាបារមីនៃព្រះករុណាអង្គព្រះមហាក្សត្រ ព្រមទាំងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិតតម្កល់ត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងប្រទាននូវការគាំទ្រលើកទឹកចិត្តជាអតិបរមាចំពោះកិច្ចខិតខំបំពេញបេសកកម្មបម្រើឧត្តមប្រយោជន៍ជាតិ ប្រជាពលរដ្ឋរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមចំណែកសហប្រតិបត្តិការលើកកម្ពស់តម្លៃសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងសកលលោក និងតំបន់ជារៀងដរាប។

តាមរយៈសារលិខិតនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមលំឱនកាយក្រាបថ្វាយព្រះសព្ទសាធុការពរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ : សហការី


ចែករំលែក៖