ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ រត់ទៅប្តឹងសមត្ថកិច្ចថាស្រីបោកយកម៉ូតូ តែធាតុពិតឱ្យម៉ូតូទៅស្រីស្នេហ៍ខ្ចីជិះសោះ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ យុវជនម្នាក់បានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ សូមឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ដោយចោទប្រកាន់ទៅលើស្រីស្នេហ៍របស់ខ្លួនចំនួន២នាក់ថា បានឆបោកយកម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿងទៅបាត់ ហើយត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងខណ្ឌកំបូលធ្វើការស្រាវជ្រាវ ស្វែងរកនារីទាំង២នាក់និងម៉ូតូ ហើយទីបំផុតម៉ូតូត្រូវបាននារី២នាក់នោះជិះយកមកប្រគល់ជូនយុវជនខាងលើវិញហើយ មិនមែនជារឿងឆបោកនោះទេ ការណ៍ពិតត្រូវបានលាតត្រដាង ដោយម្ចាស់ម៉ូតូបានប្រគល់ម៉ូតូឱ្យទៅស្រីស្នេហ៍ជិះទៅផ្ទះ តែមិនទាន់ឃើញយកមកឱ្យវិញភ័យពេកក៏ ប្រឌិតរឿងបែបនេះទៅវិញ ។

    យុវជនប្រឌិតរឿងខាងលើមានឈ្មោះ ចែម រ៉ាម៉ា អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅក្នុងភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ម៉ូតូដែលឱ្យសង្សារខ្ចីជិះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JG-6279 ។

   តាមការសារភាពពីយុវជនខាងលើនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះបានឱ្យដឹងថា ក្រោយពីបានស្គាល់ស្រឡាញ់គ្នាជាមួយនារី២នាក់ ៖ ទី១-ឈ្មោះ អ៊ួន សុខមាន ហៅស្រីនិច អាយុ១៦ឆ្នាំ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិតាអូរ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ។ ទី២- ឈ្មោះ កឹង សាមី ហៅញ៉ា អាយុ១៧ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិសុបិន្ត ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ។

    ការស្រឡាញ់គ្នាអស់រយៈពេល១ខែមកហើយ នៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានឌុបគ្នាដើរលេង ហូបប្រហិតចៀននៅតាមផ្លូវសហព័ន្ធរុស្សុី ជាប់របង់ព្រលានយន្តហោះ ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ពេលនោះនារីជាសង្សារទាំង២នាក់បានខ្ចីម៉ូតូជិះវិលទៅផ្ទះជួលនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ហើយខ្លួនក៏យល់ព្រមប្រគល់ម៉ូតូឱ្យនាងៗជិះ តែយូរពេកមិនឃើញវិលមកវិញ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ភ័យពេក ខ្លាចក្រុមគ្រួសារស្តីបន្ទោសក៏រត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ចោទប្រកាន់ថាស្រីស្នេហ៍ឆបោកយកម៉ូតូ ។ ភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យ សហការជាមួយកម្លាំងខណ្ឌកំបូលធ្វើការស្រាវជ្រាវតាមស្វែងរកម៉ូតូដល់ចំណុចភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល តែមិនជួប ឃើញតែយុវជនបងតូច បងធំមួយក្រុមមានរហស្សនាម KP zin កំពុងដេកប្រមូលផ្តុំគ្នា ហើយឃាត់ខ្លួនបាន១៣នាក់នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌកំបូល ជាលទ្ធផលក្រោយសាកសួរ យុវជនទាំង១៣នាក់ពុំមានជាប់ពាក់ព័ន្ធរឿងម៉ូតូឡើយ សមត្ថកិច្ចឃាត់ខ្លួនតែ២នាក់ទេ ដែលជាប់ពាក់ព័ន្ធនឹងរឿងបង្កហិង្សាកន្លងមក ។

    ចំណែករឿងចោទប្រកាន់ថាស្រីបោក យកម៉ូតូនោះ សមត្ថកិច្ចបន្តស្រាវជ្រាវ ស្រាប់តែដល់វេលាម៉ោង១០យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ម៉ូតូរបស់យុជនខាងលើត្រូវបាននារីទាំង២នាក់ជិះយកទៅប្រគល់ឱ្យវិញហើយ ។

    បើតាមនារី២នាក់ជាសង្សារបានឱ្យដឹងថា ពួកនាងអត់ដឹងខ្លួនថាបុរសខាងលើប្តឹងផង ម៉ូតូសុំខ្ចីត្រឹមត្រូវជិះទៅផ្ទះ លុះយប់ជ្រៅបន្តិចជិះទៅតាមរកវិញតែមិនឃើញ ទូរស័ព្ទក៏មិនលើកទៀត រហូតដល់យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ទើបជិះយកទៅប្រគល់ជូនវិញ បែរជាហៅនាំចូលប៉ុស្តិ៍ប៉ូលិសទើបនាំគ្នាស្រឡាំងកាំង ។

   ក្រោយពីដឹងរឿងពិត យុវជនខាងលើប្រឌិតរឿង សមត្ថកិច្ចបានហៅប្រមូលមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់ប្រឌិតរឿងអ្វីផ្ទុយពីការណ៍ពិតនាំឱ្យមានការភ័ន្តច្រឡំ រួចអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖