ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ប្រារព្វទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ក្រោមប្រធានបទធ្វើឱ្យមានសមភាព នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ

ចែករំលែក៖

ភ្នំពេញ៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ថ្ងៃទី១ ធ្នូ ក្រោមប្រធានបទ ធ្វើឱ្យមានសមភាព ត្រូវបានប្រារព្វធ្វើឡើង នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ នាព្រឹកថ្ងៃទី២០ ធ្នូ២០២២នេះ ក្រោយពីអាក់ខានមិនបានធ្វើអស់រយៈពេល៣ឆ្នាំដោយការរីករាលដាលជម្ងឺកូវីដ-១៩។

 ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញតំណាងអោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកសុឹម គឹមសាន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជម្ងឺអេដស៏។

    លោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ យោងតាមប្រភពទិន្នន័យសង្ខេបឆ្នាំ២០២១ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើ ស្បែក និងកាមរោគ និងអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា បានឱ្យដឹងថា ចំនួនប៉ាន់ស្មានអ្នកផ្ទុកមេរោគអេដស៍សរុប នៅរាជធានីភ្នំពេញមានចំនួនប្រមាណ ១៩.៥៣៣ នាក់ ក្នុងនោះអ្នកមកទទួលសេវាប្រឆាំងមេរោគអេដស៍ មានចំនួន ២២.៣៨៦ នាក់។ អត្រាប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍ពី១៥-៤៩ឆ្នាំ មានចំនួន០,៦ %។ រយះពេល៩ខែ ដើមឆ្នាំ ២០២២នេះ បានធ្វើតេស្តរកមេរោគអេដស៏នៅតាមមណ្ឌលសុខភាព មន្ទីរ ពេទ្យបង្អែក និង អង្គការជាដៃគូរបានចំនួន ៦៤ .៩២២ នាក់ HIV + ចំនួន១៣៣០ នាក់ ក្នុង រកឃើញករណីឆ្លងថ្មី តិចជាង ១ឆ្នាំ មាន ១៨ នាក់ ហើយ ៨០ % នៃករណីឆ្លងថ្មី គឺជាក្រុម ប្រជាជនគន្លឹះ និង ដៃគូររបស់ពួកគេ។

   លោកសុឹម គឹមសាន បានមានប្រសាសន៍លើកឡើងដែលថា៖ ក្រោមប្រធានបទ “ធ្វើឱ្យមានសមភាព”គឺជាការអំពាវនាវ និងជំរុញឱ្យយើងទាំងអស់គ្នាធ្វើការ សម្រាប់សកម្មភាពជាក់ស្តែងដែលចាំបាច់ ដើម្បីដោះស្រាយវិសមភាព ដោយបង្កើនភាពអាចរកបាននូវ គុណភាព និងភាពស័ក្តិសមនៃសេវាកម្មនានា សម្រាប់ការផ្ដល់ប្រឹក្សា ការធ្វើតេស្ត ការថែទាំព្យាបាល សម្រាប់អ្នកជំងឺអេដស៍គ្រប់ៗគ្នា ដោយមិនប្រកាន់ពូជសាសន៍ ឬពណ៌សម្បុរឡើយ។ 

  លោកបន្តថា៖ លទ្ធផលតាមល្បាក់នៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ក្នុងឆ្នាំ២០២១ បានបង្ហាញ ថា អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ដែលដឹងពីស្ថានភាពរបស់ខ្លួនមាន៩១% ក្នុងនោះអ្នក ផ្ទុកមេរោគអេដស៍ដែលដឹងពីស្ថានភាពរបស់ខ្លួន ហើយបានទទួលឱសថព្យាបាលមាន១០០% ហើយអ្នកផ្ទុកមេរោគអេដស៍ដែលបានទទួលថ្នាំព្យាបាល ហើយមានបន្ទុកមេរោគអេដស៍ឈាមទាបមាន៩៨%។ ហេតុនេះ បើប្រៀបធៀបគោលដៅ៩៥-៩៥-៩៥ ក្នុងការបិទបញ្ចប់ អេដស៍នៅឆ្នាំ២០២៥ យើងនៅសល់តែគោលដៅទីមួយតែប៉ុណ្ណោះដែលមិនទាន់បានសម្រេច។

  ក្នុងគោលបំណងឱ្យការធ្វើអន្តរាគមន៍ទាំងឡាយនេះបានទទួលជោគជ័យ និងធានាចីរភាពនៃការ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ក្នុងរយៈពេលវែង គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៏បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់មួយ ចំនួន  ដោយបញ្ចូលកម្មវិធីអេដស៍ចូលក្នុងផែនការអភិវឌ្ឍឃុំ សង្កាត់ ផែនការ វិនិយោគឃុំ សង្កាត់ និងគោល នយោ បាយភូមិឃុំមានសុវត្ថិភាព ដើម្បីឃុំ សង្កាត់មានលទ្ធភាពជួយស្វែងរកករណ៍ផ្ទុកមេរោគ អេដស៍ បញ្ចូនទៅរកសេវាថែទាំព្យាបាល សម្របសម្រួលបង្កបរិយាកាសអំណោយផល និងផ្តល់ ការគាំទ្រសង្គមដល់គ្រួសារអ្នកជំងឺអេដស៍ក្រីក្រ។ សហការជាមួយក្រសួងផែនការក្នុងការផ្ដល់អត្តសញ្ញាណកម្មគ្រួសារក្រីក្រជូនដល់អ្នកផ្ទុក មេរោគអេដស៍ក្រីក្រ ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែមក្នុងការថែទាំសុខភាព និងការគាំទ សង្គម។

     សហការជាមួយមន្ទីរ ស្ថាប័នពាក់ព័ន្ធទាំងឡាយ បន្តជំរុញការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធ និងបង្កើនការអប់រំបង្ការការឆ្លងមេរោគអេដស៍ ក្នុងចំណោមក្រុមប្រជាជនប្រឈមមុខខ្ពស់ ក្រុមយុវវ័យ បុគ្គលិក សហគ្រាស គ្រឹះស្ថាននានា ពលរដ្ឋចំណាកស្រុក និងវិស័យទេសចរណ៍។ ( ធានាឱ្យបាននូវចីរភាពនៃការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ដោយគណៈកម្ម ធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើការបញ្ជ្រាប និងបញ្ចូលបញ្ហាអេដស៍ទៅក្នុងផែនការរួមរបស់ក្រសួង ស្ថាប័ន ខេត្ត រាជធានី ស្រុក ខណ្ឌ និង -ឃុំ សង្កាត់។

     អំពាវនាវឱ្យមានការគាំទ្របន្ថែមទៀតពី រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តជួយបង្កើនការគាំទ្រទាំងហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីឱ្យមានលទ្ធភាពរក្សាចីរភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលើកទី៥ ឆ្ពោះទៅលុបបំបាត់ការឆ្លង រីករាលដាលមេរោគអេដស៍ នៅឆ្នាំ២០២៥ ដោយជោគជ័យ។

   លោកស្រី កែវ សុខពិសី ក្នុងឱកាសនោះបានអានសាលិខិតរបស់សម្តេចតេជោហ៊ុន សែន ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១ ធ្នូ  និងសូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមប្ដេជ្ញាចិត្តដ៏មោះមុតជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឆ្ពោះទៅលុបបំបាត់ការឆ្លង រីករាលដាលមេរោគអេដស៍ អោយជោគជ័យនៅឆ្នាំ២០២៥ខាងមុខនេះ៕ 

       

ដោយ ៖ សំរិត


ចែករំលែក៖