នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ អង្គការសហប្រជាជាតិនឹងបោះឆ្នោតលើសេចក្តីព្រាងច្បាប់ស្នើបញ្ចប់វិបត្តិនៅក្នុងប្រទេស មីយ៉ាន់ម៉ា និងជំរុញដល់រដ្ឋាភិបាលយោធាដោះលែងលោកស្រី អោងសាន ស៊ូជី ឱ្យមានសេរីភាព ក៏ដូចជាអ្នកទោសនយោបាយផ្សេងទៀត។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា ក្រុមមន្រ្តីការទូតបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ទំនងជានឹងបោះឆ្នោតនៅថ្ងៃទី ២១ខែធ្នូ លើសេចក្តីព្រាងដំណោះស្រាយទាមទារឱ្យបញ្ចប់ជាបន្ទាន់នូវអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា និងជំរុញឱ្យរបបយោធាដោះលែងអ្នកទោសនយោបាយទាំងអស់ ។
វិបត្តិកាន់តែខ្លាំងក្លានៅមីយ៉ាន់ម៉ា កើតមានឡើងចាប់តាំងពីយោធាដឹកនាំដោយលោក មីន អោងឡាំង ឡើងកាន់អំណាចនាខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈការធ្វើរដ្ឋប្រហារ និងបានឃុំខ្លួនអតីតមេដឹកនាំប្រទេសនិងមន្ត្រីផ្សេងទៀត ជាការឆ្លើយតបទៅនឹងការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនិងការបង្រ្កាបដោយប្រើកម្លាំងយោធា។
ក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិកចំនួន១៥ប្រទេសបានធ្វើការជាយូរយារមកហើយលើបញ្ហារបស់មីយ៉ាន់ម៉ា ប៉ុន្តែមន្រ្តីការទូតនិយាយថា ប្រទេសចិននិងរុស្ស៊ី ទំនងជានឹងមិនចូលរួមជាមួយសេចក្តីព្រាងដំណោះស្រាយខាងលើនេះទេ។ ដើម្បីអនុម័តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខបាន UNត្រូវការសំឡេងគាំទ្រយ៉ាងតិច៩ ដោយគ្មានការបោះឆ្នោតវេតូពីរុស្ស៊ី ចិន សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស៕
ដោយ៖ ធីរីណា(រូបថត ៖ REUTERS)