ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គនាយក សហព័ន្ធសន្តិភាពសកល ចូលសម្ដែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកបណ្ឌិត យ៉ុន យ៉ុងហូ (Yun Young-ho) អគ្គនាយក សហព័ន្ធសន្តិភាពសកល ចូលសម្ដែងការគួរសម និងពិភាក្សាការងារ ។ 

តាមការឲ្យដឹងពី លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងនៅក្រោយជំនួបថា លោកបណ្ឌិត យ៉ុន យ៉ុងហូ បានគោរពសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំអាស៊ី-អឺរ៉ុប ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់ ។ 

លោកបណ្ឌិត ក៏បានគោរពជម្រាបជូនសម្ដេចតេជោអំពី ដំណើរការគៀងគរការគាំទ្រ ធម្មនុញ្ញសន្តិភាពពិភពលោក និងគម្រោងសួនសន្តិភាពមេគង្គ  ហើយក៏បានគោរពសុំអនុសាសន៍ដល់ខ្ពង់ខ្ពស់ពីសម្ដេចតេជោពាក់ព័ន្ធទៅនឹងករណីនេះផងដែរ។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោកបណ្ឌិត យ៉ុន យ៉ុងហូ ចំពោះការអបអរសាទរនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកន្លងទៅនេះ ។ សម្ដេចតេជោបានមានប្រសាសន៍ថា កិច្ចប្រជុំអាស៊ានកន្លងទៅនេះ គឺមានបញ្ហាចាក់ស្រេះគ្នាយ៉ាងច្រើន តែទោះជាយ៉ាងណាក៏ដោយ កម្ពុជាបានដោះស្រាយបានទាំងអស់ ហើយបានចេញឯកសារទាំងអស់ទាំង១០១ឯកសារ ដោយមិនមានការរាំងស្ទះឡើយ ។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ដល់ លោក យ៉ុន យ៉ុងហូ ឱ្យជំរុញការគាំទ្រ តាមទម្រង់ UPF+X តាមរយៈការគាំទ្រពីតូចទៅធំ រីឯគម្រោងសួនសន្តិភាពមេគង្គវិញ សម្ដេចតេជោសូមឱ្យបន្តធ្វើការបន្ថែមទៀត៕

ដោយ : សិលា


ចែករំលែក៖