ខេត្តស្វាយរៀង ៖ មានករណីហិង្សាដោយចេតនាមួយបានកើតឡើងទៅលើគ្រួសារមួយគួរឱ្យហួសចិត្តខណៈគ្រាន់តែប្រពន្ធផ្ញើអីវ៉ាន់ខុសរថយន្តដែលធ្លាប់ផ្ញើពីមុនបុរសម្នាក់ខឹងស្ទុះទៅដាល់ជាច្រើនដៃ ចំកញ្ជឹងកនិងគុម្ពត្រចៀករួចចាប់ឣូសយកទៅអុកនិងគ្រែដែកបណ្តាលឱ្យសន្លប់ស្ដូករួចរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី១៩ខែធ្នូឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិកំពង់ត្រាច ឃុំកំពង់ត្រាចស្រុករមាសហែក។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនរងគ្រោះជាប្រពន្ធមានឈ្មោះ យ៉េង ឡៃហួយ ឣាយុ២៩ឆ្នាំមុខរបរលក់ដូរ ក្រោយកើតហេតុត្រូវបានសាច់ញាតិក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក។
ចំណែកជនសង្ស័យជាប្ដីមានឈ្មោះ ពៅ វិទូ(ហៅសុះ)ឣាយុ៤០ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូររស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាចស្រុករមាសហែក ក្រោយបង្កហេតុឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនភ្លាមៗ។
តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុគេឃើញ២នាក់ប្ដីប្រពន្ធមួយគ្រួសារបានឈ្លោះប្រកែកគ្នាដោយខឹងប្រពន្ធផ្ញើអីវ៉ាន់ខុសរថយន្តដែលធ្លាប់ផ្ញើរហូតឈានដល់ប្រើហិង្សា ស្ទុះទៅដាល់ជាច្រើនដៃ ចំកញ្ជឹងកចំនួន៤ដៃនិងគុម្ពត្រចៀក៣ដៃរួចចាប់ឣូសយកទៅអុកនិងគ្រែដែកបន្តទៀតបណ្តាលឱ្យសន្លប់ស្ដូករួចរត់គេចខ្លួនបាត់ស្រមោល។
សូមបញ្ជាក់ជូនថា ជនសង្ស័យជាប្ដីធ្លាប់ប្រព្រឹត្តអំពើហិង្សាលើប្រពន្ធម្ដងរួចមកហើយខណៈសមត្ថកិច្ចបានហៅមកធ្វើកិច្ចសន្យាអប់រំឱ្យឈប់ប្រើហិង្សាបន្តទៀត។
បច្ចប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរកឃាត់ខ្លួនមកចាត់ការបន្តតាមច្បាប់ឱ្យខានតែបាន ៕
ដោយ៖ សុថាន