ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយជួយក្រុមយកលេខ៣នៅ World Cup ខ្សែបម្រើ Modric របស់ក្រូអាតចង់លេង Nations League តែមិនប្រាកដនៅយូរ៉ូ២០២៤

ចែករំលែក៖

ខ្សែបម្រើសញ្ជាតិក្រូអាត Luka Modric បាននិយាយថា គាត់មានបំណងលេងឱ្យប្រទេសក្រូអាតរហូតដល់វគ្គផ្តាច់ព្រ័ត្រ Nations League នៅខែមិថុនាឆ្នាំក្រោយ ប៉ុន្តែមិនទាន់សម្រេចចិត្តអំពីការចូលរួមរបស់គាត់នៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប ឬ Euro 2024 នៅឡើយទេ។

Modric បានជួយក្រូអាតឈ្នះមេដាយសំរឹទ្ធ (ចំណាត់ថ្នាក់លេខ៣) ក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា បន្ទាប់ពីពួកគេបានយកឈ្នះម៉ារ៉ុកក្នុងលទ្ធផល ក្នុងការប្រកួតយកចំណាត់ថ្នាក់លេខកាលពីរាត្រីថ្ងៃសៅរ៍ ដោយបានបញ្ចប់ក្នុងឋានៈជាជើងឯករងកាលពីព្រឹត្តិការណ៍World Cup ឆ្នាំ២០១៨នៅប្រទេសរុស្ស៊ី។

លោក Zlatko Dalic គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាតបាននិយាយថានៅសប្តាហ៍នេះ Modric ទំនងជានឹងបង្ហាញខ្លួនសម្រាប់ពួកគេនៅ Euro នៅប្រទេសអាឡឺម៉ង់ ទោះបីជាអាយុរបស់គាត់មានវ័យជ្រេ និង ប្រសិនបើក្រុមមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក៏ដោយ ប៉ុន្តែកីឡាករវ័យ៣៧ឆ្នាំរូបនេះបាននិយាយកាលពីថ្ងៃសៅរ៍ថា គាត់នឹងពិចារណាជម្រើសរបស់គាត់។

Modric បាននិយាយថា “អំពីអនាគតរបស់ខ្ញុំ? ខ្ញុំមិនដឹងថាតើខ្ញុំនឹងលេងរហូតដល់ Euro នៅប្រទេសអាឡឺម៉ង់ឬអត់ទេ ខ្ញុំរីករាយជាមួយក្រុមជម្រើសជាតិ ហើយខ្ញុំមានអារម្មណ៍សប្បាយរីករាយ។ ខ្ញុំនៅតែគិតថាខ្ញុំអាចប្រកួតបានក្នុងកម្រិតខ្ពស់។ បន្ទាប់មកវានឹងមានពេលច្រើនទៀតដើម្បីគិតអំពីយូរ៉ូ។ ឥឡូវនេះ វាត្រូវទៅមួយជំហានៗ ហើយបន្តយ៉ាងហោចណាស់រហូតដល់ Nations League ហើយបន្ទាប់មកយើងនឹងឃើញ”។

កីឡាករ​រូប​នេះ​បានបន្ថែម​ថា ​ការ​ឈ្នះ​មេដាយ​សំរឹទ្ធ​គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​គាត់​និង​ក្រុម​របស់​គាត់។ ខ្សែបម្រើរូបនេះបានបញ្ជាក់ថា “ជាមួយនឹងមេដាយនេះ យើងបញ្ជាក់ថា ក្រូអាតកំពុងដើរតួយ៉ាងសំខាន់ក្នុងកីឡាបាល់ទាត់ពិភពលោក ហើយយើងកំពុងចាកចេញពីកាតាជាអ្នកឈ្នះក្នុងចំណាត់ថ្នាក់លេខ៣

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖