ខេត្តក្រចេះ ៖ រដ្ឋបាលជលផលនិងអង្គការWWF មានការសោកស្ដាយចំពោះការបាត់បង់សត្វផ្សោតទឹកសាបមួយក្បាលថ្មីទៀតពីក្នុងហ្វូងសត្វផ្សោតទន្លេមេគង្គ។
សត្វផ្សោតដែលបានងាប់មួយក្បាលនេះជាសត្វផ្សោតឈ្មោលមានអាយុប្រមាណចន្លោះពី១៥-២០ឆ្នាំ មានប្រវែង២៣០សង់ទីម៉ែត្រ ទម្ងន់១៦២គីឡូក្រាម។ សាកសពសត្វផ្សោតនេះត្រូវបានប្រទះឃើញអណ្តែតតាមទឹកទន្លេ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
ក្រោយការពិនិត្យសាកសពសត្វផ្សោតយ៉ាងម៉ត់ចត់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្រុមជំនាញស្រាវជ្រាវរបស់រដ្ឋបាលជលផល-WWF បានសន្និដ្ឋានជាបឋមថាសត្វផ្សោតបានងាប់ដោយសារការជាប់នឹងមងនេសាទ ដោយសារក្រុមជំនាញស្រាវជ្រាវបានរកឃើញស្លាកស្នាមនៃសរសៃមងនៅលើផ្ទៃកន្ទុយ ដងខ្លួន និងស្នាមរលាត់នៅលើផ្នែក ក របស់វា។
ការងាប់សត្វផ្សោតមួយក្បាលថ្មីនេះបានបង្កើនតួលេខសត្វផ្សោតងាប់សរុប ក្នុងឆ្នាំ ២០២២ នេះ ដល់ចំនួន៩ក្បាល។ រយៈពេល ៣ ឆ្នាំ ចុងក្រោយនេះ សត្វផ្សោតដែលបានងាប់មានសរុប ចំនួន ២៧ក្បាល ចន្លោះពីឆ្នាំ ២០២០ដល់ឆ្នាំ ២០២២ (គិតត្រឹមថ្ងៃទី ១៨ ខែធ្នូ)។
លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា៖ «ព័ត៌មានអំពីការរកឃើញសត្វផ្សោតងាប់នីមួយៗពិតជាធ្វើឲ្យមានភាពសោកសង្រេងខ្លាំងណាស់ ហើយយើងសោកស្តាយខ្លាំងបំផុតគឺនៅពេលសត្វផ្សោតពេញវ័យដែលមានសុខភាពល្អដូចសត្វផ្សោតមួយក្បាលនាពេលនេះ បានបាត់បង់ជីវិត ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាពនៃការបន្តពូជរបស់សត្វផ្សោតទន្លេមេគង្គដែលមានចំនួនសេសសល់តិចតួចស្រាប់»។
សត្វផ្សោតទន្លេមេគង្គត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ នៅក្នុងឆ្នាំ ២០២០ ការសិក្សាស្ថានភាពចំនួនសត្វផ្សោតដោយរដ្ឋបាលជលផល និងអង្គការ WWF បានប៉ាន់ប្រមាណថា មានសត្វផ្សោតចំនួន ត្រឹម ៨៩ ក្បាលប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេមេគង្គក្នុងប្រទេសកម្ពុជា៕
ដោយ៖ សូរិយា