ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពីការត្រៀមរៀបចំខួប ១០ ឆ្នាំនៃ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម»

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឱកាសនៃពិធីបិទកីឡាជាតិលើកទី៣. និងកីឡាជាតិជនពិការលើកទី១ នៅពហុកីឡដ្ឋានមរតក តេជោ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន ប្រកាសនូវការត្រឡប់មកវិញនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលនេះជាការបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាច្រើន ដោយចង់ឲ្យឃើញវត្តមានព្រឹត្តិការណ៍នេះត្រឡប់មកវិញ និងផ្ដល់ភាពសប្បាយរីករាយជូនប្រជា ពលរដ្ឋនៃមហាក្រុមគ្រួសារខ្មែរសារជាថ្មី ថ្ងៃនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំ សន្និសីទសារព័ត៌មានស្ដីពីការត្រៀមរៀបចំ ព្រឹត្តការណ៍អង្គរសង្ក្រាន្ត ព.ស. ២៥៦៦-២៥៦៧ គ.ស .២០២៣ ដែលត្រូវជាខួបគម្រប់១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តី សង្ឃឹម» ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់ បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំ ប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយ ភាពជាច្រើនទៀត។

សន្និសីទដែលបានរៀបចំនារសៀលថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២២ ត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា រួមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់ ប្រធានក្រុមចង្កោមនៃក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរ សង្ក្រាន្ត និងប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣ និងអ្នកសារព័ត៌មានជាច្រើនរូប។សន្និសីទសារព័ត៌មាននារសៀលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ជម្រាបជូនដំណឹងដល់អ្នកសារ ព័ត៌មាន ក៏ដូចជាសាធារណជន ដើម្បីជ្រាបជាព័ត៌មាន និងចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឱ្យបាន កាន់តែទូលំទូលាយ។ សន្និសីទសារព័ត៌មាននេះទៀតសោត ក៏ជាការយកឱកាសប្រកាសបើកជាផ្លូវការនូវការត្រៀម រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តសារជាថ្មីម្តងទៀតនៅលើទឹកដីអង្គរ នៃខេត្តសៀមរាប ដើម្បីជាការជួបជុំមហាគ្រួសារ ខ្មែរ និងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងត្រូវរៀបចំសារជាថ្មី នៅថ្ងៃទី១៤ – ១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជា ប្រារព្ធខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលជាការរំលឹកដល់ភាពរស់រវើក នៃមរតកបេតិកភណ្ឌអរូបីដ៏ផូរផង់ របស់ខ្មែរ នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបីនៃពិភពលោក។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានចូលរួមអភិរក្ស និង អភិវឌ្ឍវប្បធម៌ជាតិលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ រួមទាំង បានផ្ដល់ឱកាសឲ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាជាដើម។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានចូលរួមបំផុសគំនិតស្មារតី ប្រជាជនកម្ពុជា ជាពិសេសយុវជន កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយឱ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ដែលជាអត្តសញ្ញាណជាតិ និងបន្តថែរក្សាកេរមរតកនេះឱ្យបានគង់វង្ស ក៏ដូចជាបំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាគ្រួសារខ្មែរតែមួយ ព្រមទាំងបណ្តុះស្មារតីអភិរក្ស និង អភិវឌ្ឍវប្បធម៌ បាវចនាជាតិ ដួងព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ។ លើសពីនោះថែមទៀត ព្រឹត្តិការណ៍អង្គរ សង្ក្រាន្ត ក៏ជាការផ្ដល់ឱកាសឲ្យពាណិជ្ជករ សហគ្រិន អាជីវករ តាំងបង្ហាញ និងលក់ផលិតផលពាណិជ្ជកម្ម សិប្បកម្ម និងសេវាកម្មនានា ដើម្បីចូលរួមចំណែកលើកស្ទួយ និងជំរុញទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ដែល អាចចាត់ទុកបានថាជាមាសបៃតងរបស់កម្ពុជា និងជាពិសេសការចងចាំនូវភាពសប្បាយរីករាយរបស់បងប្អូន ប្រជាពលរដ្ឋកម្ពុជាដែលបានដក់ជាប់ក្នុងស្មារតីនៃមហាគ្រួសារខ្មែរគ្មានថ្ងៃបំភ្លេចបាន។

មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន លោក ហ៊ុន ម៉ានី បានលើកឡើងថា ប្រធានបទសម្រាប់ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាឆ្នាំនេះគឺ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដែលមានន័យថា ការផ្សារភ្ជាប់នូវក្តីស្រមៃ ជាមួយក្តីសង្ឃឹម ប្រកបដោយភាពជឿជាក់របស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបក្នុងដំណើរឆ្ពោះទៅកាន់ភាពសុខ ក្សេមក្សាន្ត មោទកភាពជាតិ ភាពរុងរឿង និងភាពរីកចម្រើន វិបុលភាព និងភាពធន់នៃប្រជាជាតិកម្ពុជា ជាមួយ អរិយធម៌ដែលខ្ពស់ខ្ពស់ឆើតឆាយ។ ក្នុងន័យនេះប្រធានបទខាងលើ បានផ្សារភ្ជាប់ជាមួយនឹងគោលគំនិត 3Cs ដែលជាគោលគំនិតឆ្ពោះទៅអនាគតកម្ពុជា នៃការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ក្នុងមានភាពជា ខ្មែរ និងពោរពេញដោយធម៌។ ប្រធានបទនេះ បានរំលឹកឡើងពីក្ដីស្រមៃរបស់យុវជនមួយក្រុមចង់រៀបចំព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយនៅមុខប្រាង្គប្រាសាទអង្គរ ជាពិសេសធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា ឱ្យបានច្រើនកុះករនារដូវបុណ្យចូលឆ្នាំខ្មែរ។ ជុំវិញសាច់រឿងមួយនេះ លោក ហ៊ុន ម៉ានី ធ្លាប់បានលើកឡើង ថា កាលពី១០ឆ្នាំមុនមានយុវជនមួយក្រុមធ្លាប់មានក្ដីស្រមៃ ដោយសង្ឃឹមថានឹងមានព្រឹត្តិការណ៍មួយដែលរៀបចំ ដោយយុវជន នៅក្នុងតំបន់នៃរមណីយដ្ឋានអង្គរ ក្នុងភាពជាខ្មែរ ទាំងរូបភាព និងខ្លឹមសារ។ បន្ទាប់ពីបានគិត ក៏បាន ចាប់ផ្ដើមគូរ ហើយ ក្តីស្រមៃ និងក្តីសង្ឃឹមរបស់ក្រុមយុវជនមួយក្រុមតូចមួយ ត្រូវបានរីកសុះសាយ បន្ទាប់ពីពួកគេបានដាក់គោលដៅ សិក្សា សហការគ្នា សាមគ្គីគ្នា លះបង់កម្លាំងកាយចិត្ត សមត្ថភាព បញ្ញា ស្មារតីគ្រប់សព្វបែប យ៉ាងក្នុងគោលដៅដើម្បីបុព្វហេតុជាតិមាតុភូមិតែមួយ។ មកទល់ពេលនេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មិនត្រឹមតែជា ព្រឹត្តិការណ៍ តែជាស្មារតីនៃការអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរទូទាំងប្រទេស ជាស្មារតីនៃការសារទរមរតក វប្បធម៌ខ្មែរ និងជាស្មារតីក្តីស្រឡាញ់នៃមហាក្រុមគ្រួសារខ្មែរ ហើយបានសាយភាពសព្វសាយទៅកាន់ពិភពលោក។

ជុំវិញការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ ក្រុមការងាររៀបចំសង្ឃឹមថា ព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំថ្មីនេះនឹងនាំនូវមហាជោគជ័យថ្មីមួយទៀតជូនជនរួមជាតិខ្មែរ ទាំងលើទិដ្ឋភាពសិល្បៈ វប្បធម៌ ស្មារតី ជាខ្មែរ (ក្រោមដំបូលគ្រួសារខ្មែរតែមួយ) និងទិដ្ឋភាពសេដ្ឋកិច្ច ដែលឆ្លើយតបទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាលដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មី ។ តាមផែនទី ចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១- ២០២៣ គឺមានគោលបំណងជំរុញភ្ញៀវទេសចរក្នុងស្រុកឲ្យបាន ១១លាននាក់ ក្នុងឆ្នាំ២០២៣ ដែលជាឆ្នាំនៃការរៀបចំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តយើងផងដែរ។ ក្រុមការងារជឿជាក់ថា បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្រប់ទីកន្លែង និង ចូលរួមចំណែកជាវិជ្ជមាន ដើម្បីជំរុញព្រឹត្តិការណ៍យើងនេះឱ្យកាន់តែជោគជ័យ និងពូនជ្រំព្រឹត្តិការណ៍នេះឱ្យក្លាយ ជាស្មារតីជាតិជាក់ជាមិនខាន។ ហើយការចូលរួមនេះ នឹងរួមចំណែកកសាង និងបង្កើនទំនុកចិត្តសម្រាប់ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ដើម្បីចូលរួម និងជះឥទ្ធិពលវិជ្ជមានដល់ការចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រួមទាំងការ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ ផ្ទះ។

សូមអាននូវ ខ្លឹមសារ សេចក្តីប្រកាសព័ត៌មាន ស្តីពីការត្រៀមរៀបចំខួប ១០ ឆ្នាំនៃ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ទាំងស្រុងដូចខាងក្រោម ៕

ដោយ : សិលា


ចែករំលែក៖