ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២២ បានបញ្ជូនជនសង្ស័យ០១នាក់ ទៅសាលាដំបូងខេត្ត ក្នុងករណីគាស់ផ្ទះរបស់ប្រជាពលរដ្ឋ ប្រព្រឹត្តកាលពីវេលាម៉ោង០៩យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ហើយត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១០និង៤៣នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា៖យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឯក រ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌី ម៉ូវ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា ៖ កាលពីវេលាម៉ោង២១និង០០នាទីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ជននេះបានធ្វើសកម្មភាពលួចគាស់បន្ទប់ជួលមួយកន្លែងនៅម្ដុំនាគទិព្វ ពេលគាស់បន្ទប់បានហើយ ជនសង្ស័យបានចូលទៅក្នុងបន្ទប់ ជួលតែគ្មានសម្ភារៈលួច ក៏បានដើរចេញមកវិញ ក៏ត្រូវបានម្ចាស់ផ្ទះមកទាន់ហើយប្តឹងអាវុធហត្ថឱ្យឃាត់ខ្លួនភ្លាមៗតែម្តង។ក្រោយពីឃាត់ខ្លួន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានសួរនាំជនសង្ស័យសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ជនរងគ្រោះពិតប្រាដកមែន ៕
ដោយ ៖ វណ្ណា