ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ ក្នុងករណីផលិត ឬធ្វើចរាចរណ៍ អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ប្រព្រឹត្តកាលពីវេលាម៉ោង០២រំលងអធ្រាត្រឈានចូល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ត្រូវបានឃាត់ខ្លួននិងដកហូតវត្ថុតាងជាក់ស្ដែងនៅវេលាម៉ោង១០និង៥៣នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា៖ ជនសង្ស័យឈ្មោះ អេក ណាក់ឡុង ស៊ីផាយ (ហៅខ្វាង) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិថៃ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលអគារJ៩ បន្ទប់លេខ ២០៤ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជាមួយនឹងការឃាត់ខ្លួននេះ ត្រូវបានដកហូតវត្ថុតាង រួមមាន៖ ១/-កាំភ្លើងកែច្នៃបាញ់គ្រាប់ពិត ចំនួន០១ដើម, ២/-គ្រាប់កាំភ្លើង(គ្រាប់ពិត) ចំនួន០១គ្រាប់, ៣/-ដែករណាដងជ័រ ពណ៌ស ខ្មៅ ប្រវែង៥៣សង់ទីម៉ែត្រ ចំនួន០១ដើម។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលបានព័ត៌មានពីសន្តិសុខរាយការណ៍មកថា បានប្រទះឃើញកាំភ្លើងកែច្នៃចំនួន០១ដើម គ្រាប់កាំភ្លើង០១គ្រាប់ និងដែករណាបត់ចំនួន ០១ដើម ដែលជារបស់ជនសង្ស័យ(ជនជាតិថៃ) នៅចំណុចផ្សារទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមនោះកម្លាំងអាវុធហត្ថក្រុង ក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា យើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងចាប់យកវត្ថុតាង នាំមកកាន់មូលដ្ឋាន ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានបញ្ជាក់ថា៖ ក្រោយសួរចម្លើយ ជនសង្ស័យជនជាតិថៃ បានសារភាពថា វត្ថុតាងខាងលើពិតជារបស់ខ្លួនមែន ៕
ដោយ ៖ វណ្ណា