ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់រំលោភច្រើនដង លើកនេះបុរសកម្មកររោងចក្រត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីរំលោភកូនស្រីដើមរបស់ប្រពន្ធ

ចែករំលែក៖

   ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យជាឪពុកចុងដែលជាសន្តិសុខរោងចក្រម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវ: កូនស្រីដើមរបស់ប្រពន្ធបានសម្រេចជាច្រើនដង។

   ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភូមិប្រសូត្រទី២ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

    សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យឈ្មោះហ៊ុល សំណាង  អាយុ៤៨ឆ្នាំ មុខរបរសន្តិសុខរោងចក្រ មានទីលំនៅភូមិប្រសូត្រទី២ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

   ចំណែកជនរងគ្រោះមានអាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ។

   តាមនារីរងគ្រោះបានប្រាប់សមត្ថកិច្ចថាបុរសសង្ស័យបានសន្យាថានឹងទិញរបស់ល្អៗឱ្យនាងនិងចិញ្ចឹមនាងអស់មួយជីវិតដោយបានរំលោភនាងចាប់ពីអំឡុងខែមករា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ដោយក្នុង១សប្ដាហ៍រំលោភ២ទៅ៣ដង។

    នារីខាងលើបានបន្តថា ដោយជនសង្ស័យបានគំរាមមិនឱ្យប្រាប់ម្ដាយឬអ្នកដទៃឡើយ បើហ៊ានប្រាប់គឺគេមិនឱ្យរូបនាងនិងម្ដាយរស់បានសុខឡើយ។

    តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពដូចការចោទប្រកាន់ប្រាកដមែន។

   បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖