ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសនៅស្រុកថ្មគោល ត្រូវបានកម្លាំងនគរបាលជំនាញចាប់ឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២២ និង០០នាទី សមត្ថកិច្ចបានទទួលពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ភឿង ភក្តី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (កាត់របងលួសសំណាញ់) នៅចំណុចក្រុមទី១៥ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះ លោកវរសេនីយ៍ទោ ប៉ាង ផង់ អធិការស្តីទីនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ែន ស៊ីណាត ហៅ បេង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកដង្កាប់កាត់របងលួសសំណាញ់ចូលលួចយកទ្រព្យសម្បត្តិក្នុងផ្ទះរបស់ជនរងគ្រោះ ។
វត្ថុតាងដកហូតរួមមាន ៖
-ភេសជ្ជៈចំនួន ៩កំប៉ុង
-នំកញ្ចប់តូចចំនួន ១៥កញ្ចប់
-ទុលឡឺវ៉ិសចំនួន ០១
-ដង្កាប់តូចចំនួន ០១
-កង់ចាស់ចំនួន ០១ ។
ករណីនេះ ជនសង័្សយខាងលើត្រូវបានកម្លាំងនគរបាលស្រុកថ្មគោលកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់ ៕
ដោយ៖ អរុណរះ